ប្រែសម្រួល : កញ្ញាដាលីស ៖ យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា អ្នកមានបំផុតទាំង ១០ នាក់នៅលើពិភពលោករួមមានលោក ជេហ្វ បេហ្សូស លោកអេឡុន ម៉ាស និង លោក ប៊ីល ហ្គេត បានកើនទ្រព្យសម្បត្តិរួមគ្នាសរុប៥០០ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមរីករាលដាលនៃជំងឺកូវីដ។
ការសិក្សារបស់អង្គការ Oxfam អះអាងថា អ្នកជំនួញធំៗទាំងនេះអាចបង់ប្រាក់ចាក់វ៉ាក់សាំងដល់មនុស្សលើពិភពលោកទាំងមូលជាមួយនឹងប្រាក់ចំណេញរបស់ពួកគេពីឆ្នាំមុន។
អង្គការយុទ្ធនាការប្រឆាំងនឹងភាពក្រីក្រមួយនេះបានប្រើប្រាស់តួលេខពីបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ឆ្នាំ ២០២០ និងទិន្នន័យទ្រព្យសម្បត្តិពីក្រុមហ៊ុន Credit Suisse ដើម្បីស៊ើបអង្កេតពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសម័យកូវីដលើអ្នកមានបំផុតនៅលើពិភពលោក។
ពួកគេបានរកឃើញថាផលប៉ះពាល់ពីវីរុសនឹងនាំឱ្យមានការកើនឡើងធំបំផុតនៃវិសមភាពលើសកលលោកមិនធ្លាប់មានពីមុនមក លុះត្រាតែរដ្ឋាភិបាលនានាពិចារណាលើការរៀបចំសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ។
របាយការណ៍នេះត្រូវបានរៀបចំឡើងដើម្បីជូនដំណឹងដល់កិច្ចពិភាក្សាតាមអនឡាញរបស់ក្រុមប្រឹក្សាមេដឹកនាំនយោបាយនិងអាជីវកម្មរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅសប្តាហ៍នេះ។
Oxfam និយាយថា អ្នកមានបំផុតទាំង ១.០០០ នាក់អាចដោះស្រាយការខាតបង់របស់ពួកគេបានតាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត ដោយសារការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារភាគហ៊ុន។
ផ្ទុយទៅវិញ Oxfam និយាយថា ប្រជាជនក្រីក្របំផុតក្នុងពិភពលោកត្រូវការពេលជាងមួយទសវត្សរ៍ទើបអាចស្តារការខាតបង់ឡើងវិញបាន៕
មហាសេដ្ឋីកំពូលទាំង១០របស់ពិភពលោកចំណេញ ៥០០ ពាន់លានដុល្លារកាលពីឆ្នាំ២០២០