ប្រែសម្រួលៈវាសនា/ប៉េកាំង៖នៅពេលជំងឺឆ្លងកូវីដ១៩កំពុងរុញទម្លាក់ពិភពលោកចូលក្នុងឱនភាពដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ និងសង្គ្រាមប្រឆាំងជំងឺឆ្លងសកលនេះនៅមិនទាន់ចប់នៅឡើយ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានអំពាវនាវអោយក្រុមមេដឹកនាំពិភពលោកសហការគ្នាដោះស្រាយវិបត្តិសុខភាពសាធារណៈនេះនិងសង្គ្រោះសេដ្ឋកិច្ចពិភពលោក។
ក្នុងសុន្ទរកថាពិសេសមួយកាលពីថ្ងៃចន្ទ ទី២៥មករា នៅវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ហៅថា «របៀបវារៈក្រុងដាវ៉ូស» មេដឹកនាំចិនរូបនេះបានអំពាវនាវអោយផ្តោតយកចិត្តទុកដាក់ឡើងវិញលើកិច្ចសហការពហុភាគី និងច្រានចោលភាគឯកោនិយក ព្រមទាំង«បុរេវិនិច្ឆ័យខាងមនោគមន៍វិជ្ជា»។
សុន្ទរកថារបស់លោកពេលនេះស្រដៀងគ្នានឹងសុន្ទរកថាគន្លឹះមួយដែលលោកបានផ្តល់នៅក្រុងដាវ៉ូសកាលពីឆ្នាំ២០១៧ ពេលដែលលោកការពារសកលូបនីយកម្ម និងបញ្ជាក់ពីផលប៉ះពាល់អាក្រក់នៃសង្គ្រាមពាណិជ្ជកម្មណាមួយ នៅពេលលោកបានបង្ហាញចេតនារបស់ចិននៅក្នុងការទទួលយកតួនាទីធំឡើងជាមេដឹកនាំពិភពលោកមួយ នៅពេលអាម៉េរិកដកថយរួញខ្លួនចូលក្នុងភាពឯកោនិយម ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ក្នុងសុន្ទរកថារយៈពេលកន្លះម៉ោង លោកស៊ីបានមានប្រសាសន៍ថា« ជំងឺឆ្លងនេះនៅមិនទាន់ចប់ ហើយការផ្ទុះកូវីដ១៩ឡើងវិញនៅពេលថ្មីៗនេះ រំលឹកយើងថា យើងត្រូវតែបន្តប្រយុទ្ធ។គ្មានអ្វីត្រូវសង្ស័យទេថា មនុស្សលោកនឹងឈ្នះលើវីរុសនេះ និងកាន់តែរឹងមាំខ្លាំងឡើងចេញពីគ្រោះមហន្តរាយនេះ»។
នៅពេលប្រធានាធិបតី ស៊ី អះអាងឡើងវិញអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ មិនថាការឆ្លើយតបចំពោះកូវីដ១៩ ការពង្រឹងសេដ្ឋកិច្ចសកល ឬការដោះស្រាយការប្រែប្រួលអាកាសធាតុលើភពដែនដី វាអាចជាសារព្រមានសំរាប់អាម៉េរិក សម្ពន្ធមិត្តប្រជាធិបតេយ្យរបស់ខ្លួន ដែលបានដាក់ទណ្ឌកម្មឬរិះគន់ចិនជាចំហដោយសារបញ្ហាហុងកុង តំបន់ស៊ីនជាំង កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។
លោកបានបានបញ្ជាក់ថា «យើងគួរគោរពនិងសម្របសម្រួលការខ្វែងគំនិតគ្នា ជៀសវាងការជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សានិងចរចាគ្នា។ប្រវត្តិសាស្ត្រនិងតថភាពបញ្ជាក់ច្បាស់ជាថ្មីម្តងទៀតថា មធ្យោបាយខុសឆ្គងដោយប្រកាន់យកបដិបក្ខនិងការប្រឈមមុខនិយម ដែលជាទំរង់មួយនៃសង្គ្រាមត្រជាក់ សង្គ្រាមក្តៅ សង្គ្រាមពាណិជ្ជកម្មឬ សង្គ្រាមបច្ចេកវិទ្យា នៅទីបំផុតទៅនឹងប៉ះពាល់ផលប្រយោជន៍របស់ប្រទេសទាំងអស់ ហើយបំផ្លាញសុខុមាលភាពគ្រប់គ្នា»។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិនប៉េកាំងចោទប្រកាន់ប្រទេសនានាដែលនិយាយប្រឆាំងច្បាប់សន្តិសុខជាតិមួយដែលត្រូវបានអនុម័តប្រើនៅហុងកុងកាលពីឆ្នាំមុន និងការដាក់មនុស្សក្នុងជំរំធំៗដើម្បីអប់រំកែប្រែនៅតំបន់ស៊ីនជាំង ថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងប៉ះពាល់អធិបតេយ្យរបស់ខ្លួន។
ប្រធានាធិបតីចិនបានអំពាវនាវអោយមេដឹកនាំពិភពលោកពិចារណាលើកម្មវត្ថុ៤ គឺ៖បង្កើនការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺឆ្លង បោះបង់ចោល«បុរេវិនិច្ឆ័យមនោគមនវិជ្ជា» និងទទួលយកគំនិតដែលថាប្រព័ន្ធប្រទេស២វាមិនដូចគ្នាទេ បំព្រួញគម្លាតរវាងបណ្តាប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ ហើយរួមគ្នាប្រឆាំងនឹងការប្រឈមសកល ដូចជាវិបត្តិសុខភាពសាធារណៈនិងការប្រែសម្រួលអាកាសធាតុ។
លោកអំពាវនាវអោយបន្តគោរពច្បាប់អន្តរជាតិ និងគាំទ្រអង្គការពហុភាគី ដូចជាអង្គការសុខភាពពិភលោក និងអង្គការពាណិជ្ជកម្មពិភពលោក ។
លោកស៊ី ក៏បានបញ្ជាក់អះអាងឡើងវិញអំពីការប្តេជ្ញារបស់ចិនក្នុងការដើរតួនាទីសកលមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ និងធ្វើអោយបានតាមការសន្យាថាចិននឹងក្លាយជាប្រទេសមិនបញ្ចេញឧស្ម័នកាបូនិចនៅត្រឹមឆ្នាំ២០៦០៕
ប្រធានាធិបតី ស៊ី បាននិយាយថា ទស្សនវិស័យសេដ្ឋកិច្ចសកលនៅមិនប្រាកដប្រជា