អ៊ីរ៉ង់​ច្រានចោល​កិច្ចព្រមព្រៀង​ថ្មី ខណៈ​បារាំង​ប្តេជ្ញា​មិនឱ្យ​អ៊ីរ៉ង់​ផលិត​គ្រាប់​នុយក្លេអ៊ែរ​បានឡើយ​

1167
ចែករម្លែក

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស់​សាន់ រូ​ហា​នី បាន​ច្រានចោល​នូវ​រាល់​ក្តីសង្ឃឹម​ក្នុងការ​សរសេរ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាច​ពិភពលោក​កាលពី​ថ្ងៃ​ពុធ ទី​២៥​មេសា ខណៈដែល​សម​ភាគី​បារាំង​បាន​ប្តេជ្ញា​ទៅកាន់​សមាជិកសភា​អាមេរិក​ថា អ្វីៗ​គ្រប់យ៉ាង​នឹងត្រូវ​ធ្វើ ដើម្បី​បញ្ឈប់​អ៊ីរ៉ង់​កុំឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​។​

​ដោយឡែក អឺរ៉ុប អ៊ីរ៉ង់ និង​រុស្ស៊ី​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កុំឱ្យ​បោះបង់ចោល​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ឆ្នាំ ២០១៥ នេះ ដែល​បាន​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​ត្រាំ​បាន​ហៅ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​នេះ​ថា “​ឆ្កួត​លីលា​” និង “​គួរឱ្យ​អស់សំណើច​” ដោយសារ​ការ​រឹតបន្តឹង​របស់​វាចា​ប់​ផ្តើម​ផុតកំណត់​នៅ​ឆ្នាំ ២០២៥​។​

​ប៉ុន្តែ ថ្លែង​ទៅកាន់​សភា​អាមេរិក​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​របស់គាត់​ទៅកាន់រ​ដ្ឋ​ធានី​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​និយាយថា “​អ៊ីរ៉ង់​មិនអាច​មាន​អាវុធ​នុយក្លេអ៊ែរ​បានឡើយ​។ មិន​អាចមាន​ឥឡូវនេះ​ទេ​។ មិន​អាចមាន​ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត​។ មិន​អាចមាន​ក្នុងពេល ១០ ឆ្នាំ​ទៀត​។ គឺ​មិន​អាចមាន​នោះឡើយ​”​។​

​លោក​បានស្នើ​ឱ្យមាន​កិច្ចព្រមព្រៀង​បន្ថែមទៀត​ដែល​ពង្រីក​ការ​រឹតបន្តឹង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ក៏ដូចជា​ការទប់ស្កាត់​ក​ម្ម​វិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប និង​ការគាំទ្រ​ដល់​កងជីវពល​នៅ​មជ្ឈិមបូព៌ា​ផងដែរ​។​

​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ លោក រូ​ហា​នី បាន​និយាយថា សាធារណរដ្ឋ​អ៊ីស្លាម​នឹងមិន​ទទួលយក​ការផ្លាស់ប្តូរ​ណាមួយ​ឡើយ​។​

​លោក រូ​ហា​នី បាន​និយាយ​ទាំង​កំហឹង ដោយ​ប្រើ​ឈ្មោះ​បច្ចេកទេស​ថា “​យើង​មាន​កិច្ចព្រមព្រៀង​មួយ​ហៅថា JCPOA​។ វា​នឹង​គង់វង្ស​ផង និង មិន​គង់វង្ស​ផង​។ ប្រសិនបើ JCPOA នៅតែ​បន្ត វា​នឹង​បន្ត​រហូតដល់​ពេញលេញ​”​។

​សំឡេង​ពាសពេញ​ទ្វីបអឺរ៉ុប​បាន​ជំរុញ​ឱ្យ​លោក​ត្រាំ​ពង្រឹង​កិច្ចព្រមព្រៀង​នេះ​ជាជាង​ហែក​វា​ចោល​។​

​ប្រធាន​ការទូត​សហភាព​អឺរ៉ុប លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គឺ​រី​នី និយាយថា “​កិច្ចព្រមព្រៀង​មួយ គឺមាន​ស្រាប់ ហើយ​វា​មាន​ប្រសិទ្ធភាព​។ វា​ត្រូវតែ​រក្សាទុក​ឱ្យបាន​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស់​សាន់ រូ​ហា​នី

ទីតាំងផ្សាយពាណិជ្ជកម្ម