Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២៦ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពិសេស​ស្ត្រី​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ​តែង​នាំ​បញ្ហា​មក​ជាន់ក​ថែមទៀត​។​ដូច្នេះ​មុន​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ប្រឹងប្រែង ហើយ​ដាច់ខាត​មិនត្រូវ​បោះបង់​ការងារ​ឡើយ​ព្រោះ​វា​នឹង​ហុច​ផ្លែផ្កា​ល្អៗ​មក​ពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ការ​ដំណើរ​ការងារ​ឬ​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​មិនល្អ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​ឧបាយកល​គេ​ណាស់​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាមួយ​កើតឡើង​៕
​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើ​កត​ឆ្នាំ​ខ្លា​នៅ​ខែ​នេះ​អាច​សម្រុក​ការងារ​បាន​ហើយពី​ព្រោះថា​ឆ្លង​ដល់​ខែក្រោយ​កិច្ចការងារ​ច្រើន​ក៏​កំពុង​រង់ចាំ​ផងដែរ​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ណាមួយ​សប្បាយចិត្ត​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕
​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ប្រកបការងារ​ឬ​ចុះ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​គប្បី​ប្រញាប់ប្រញាល់​ពីព្រោះថា​ផល​ល្អៗ​មាន​ច្រើនជាង​អាក្រក់​ជានិច្ច​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕
​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំរោង​ពិសេស​បុរស​កើត​នៅ​ឆ្នាំ​១៩៧៦​មានការ​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន​នាពេលនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស​ឬ​ភ្លាំងភ្លាត់​លោកអ្នក​មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​ដែរ​៕
​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ដែល​រង់ចាំ​ការងារ​អ្វីមួយ​ឃើញថា​ការដែល​ទទួលបាន​ផ្លែផ្កា​នោះ​គឺ​តែង​មិន​ដូច​គាប់​បំណង​ឡើយ ហើយ​អ្នកខ្លះ​ថែមទាំង​មិនបាន​ទទួល​អ្វី​សូម្បីតែ​បន្តិច​ថែមទៀត​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្ប​ប្រឹងប្រែង​និង​មានការ​ប្រយ័ត្នប្រយែង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕
​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​អាចមាន​ដំណឹង​ល្អ​ឬ​រឿង​រាវ​ល្អ​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕
​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​រឿង​រាវ​មួយចំនួន​ពី​ល្អ​ប្រែ​មកជា​អាក្រក់​វិញ​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការជួយ​យកអាសា​ក្រុមមនុស្ស​ប្លែក​មុខ​ពីព្រោះ​គេ​អាច​នាំ​ផល​លំបាក​នៅពេល​ក្រោយ​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ល្ហែល្ហើយ​ដែរ​ទេ​៕
​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​មិនតិច​ដែរ​ទេ ម្ល៉ោះហើយ​ទោះ​ខិតខំ​ខ្លាំង​ក៏​ពុំ​ទទួល​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ដែរ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​
បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕
​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ឱកាស​ភ្លាំងភ្លាត់​នោះ​ឃើញថា​ក៏មាន​ខ្ពស់​គួរ​ព្រួយបារម្ភ​ដែរ​។​ការរស់នៅ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​មាន​ភេទ​ផ្ទុយគ្នា​ដែល​ពី​បន្តិចបន្តួច​ឈានដល់​ថ្នាក់​ស៊ីសាច់ហុតឈាម​គ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​
​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​បន្តិច​៕
​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត ហើយ​ផ្លែផ្កា​ក៏​តែង​ផ្តល់​ផល​ល្អ​នៅ​គ្រា​ខាងមុខ​ថែមទៀត​។​ក្រៅពីនេះ​បើ​ចង់​បំពេញ​កិច្ចការងារ​អ្វីមួយ​គួរ​រួសរាន់​បំពេញ​ព្រោះ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​បាន​ផល​តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕
​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការរស់នៅ​ក៏ដូចជា​ការប្រកប​ការងា​រលោក​អ្នក​ជួប​បញ្ហា​រអាក់រអួល​ច្រើន​ពីព្រោះ​មាន​ក្រុម​មនុ​សុ្ស​ចាំតែ​មើល​កំហុស ហើយ​បង្កបញ្ហា​នាំ​ឈឺក្បាល​ច្រើន​ប៉ុណ្ណោះ​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ម្ល៉ោះហើយ​ការកើត​ជម្លោះ​វិវាទ​ក៏មាន​ចូល​យាយី​ច្រើន​ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular