ទូត​ដា​ណា​ម៉ាក​អន្តរាគមន៍ មិន​ឲ្យ​ថៃ​បញ្ជូន​មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ មក​កម្ពុជា​

1766
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ស្ថានទូត​ដា​ណា​ម៉ាក​ប្រចាំ​ប្រទេស​ថៃ បាន​អន្តរាគមន៍​សុំ​យក​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ទៅ​ប្រទេស​ដា​ណា​ម៉ាក​វិញ​។ ការអន្តរាគមន៍​នេះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ថៃ បាន​ចាប់ខ្លួន​លោក​សម សេរី កាលពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​។ ចំណែក​សមត្ថកិច្ច​កម្ពុ​ជា ក៏បាន​ទា​ក់ទប​ជាមួយ​ភាគី​ថៃ ដើម្បី​ស្នើសុំ​បញ្ជូន​ខ្លួន​លោក​សម សេរី យកមក​កម្ពុជា​ផងដែរ ពីព្រោះ​បុគ្គល​រូបនេះ​មាន​ដីកា​តាម​ស្វែងរក​ចាប់ខ្លួន​ពាក់ព័ន្ធ​ការធ្វើសកម្មភាព​បំផុសបំផុល​ញុះញង់ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​ក់ត​ចេញពី​ការបោះឆ្នោត​។​

​ការអន្តរាគមន៍​រប​ស់​ស្ថានទូត​ដា​ណា​ម៉ាក ប្រចាំ​ប្រទេស​ថៃ គឺ​ដោយសារ​លោក​សម សេរី មាន​សញ្ជាតិ​ជា​ដា​ណា​ម៉ាក​។​

​ប្រភពព័ត៌មាន​ពី​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​លោក សម សេរី មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ខណៈដែល​មេដឹកនាំ​រូបនោះ ចូលមកក្នុង​ទឹកដី​ថៃ​។ លោក សម សេរី ត្រូវបាន​ឃាត់​ខ្លូន​នៅ​ចំណុច​ផ្លូវ​សាធន​ថៃ ( sathon tai ) តំបន់ khwaeng thung maha mek ខេត្ត sathon ក្រុង thep maha nakhon ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មោះ សម សេរី និង​សមាជិក​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​៥​នាក់ គឺមាន​ដីកា​តាម​ស្វែងរក​ចាប់ខ្លួន​។ ក្រុម​រណសិរ្ស​រំដោះជាតិ ដែលជា​មុខសញ្ញា​តាមរក​ចាប់ខ្លួន មានដូចជា ១.​ឈ្មោះ ថាច់ បាន​។ ២.​ឈ្មោះ អាន វិចិត្រ​។ ៣.​ឈ្មោះ ផុន ប្រាក់​ផាប​។ ៤.​ឈ្មោះ វន វុ​ធ​។ អ្នក​ទាំង​៤ នៅ​ប្រទេស​ថៃ​។ ៥.​ឈ្មោះ សោម សុវណ្ណារ៉ា នៅ​កាណាដា និង​៦.​ឈ្មោះ សម សេរី ប្រធាន រណសិរ្ស​រំដោះជាតិ​។

​គួរ​បញ្ជាក់ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណា​ម៉ាក​។ លោក សម សេរី ក៏បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល នៅក្រៅ​ប្រទេស​ផងដែរ​។ សមាជិក នៃ​ចលនា​រណសិរ្ស​រំដោះជាតិ មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ដោយ​ប្រព្រឹត្ត​បទល្មើស និង​បង្កចលាចល​នៅក្នុង​សង្គម​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃទី​១០ ខ មេសា បាន​បញ្ជាក់ថា “​យប់មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ ហើយ​ចៅហ្វាយក្រុង​ក៏បាន​ដឹង រួចហើយ​ដែរ “​។​សម្តេច​បន្តថា​អា​ក្បត់ជាតិ​ម្នាក់​ឈ្មោះ សម សេរី បាន​បញ្ជា​មក​កម្លាំង​វា​នៅ​ទីក្រុង​ភ្នំពេញ រៀបចំ​បង្ក​ឲ្យ​មានការ​រំខាន​និង​សម្លេង​ផ្ទុះ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែមេសា​នេះ​។ តែ​យើង​បាន​ក្តាប់​ព័ត៌មាន​នេះ​បាន​អស់ហើយ​។ សម្តេច​បាន​បន្តទៀតថា សម្រាប់​អា​អ្នកទទួល​បញ្ជា​នៅ​ភ្នំពេញ វា​ថា​មិនអាច​ធ្វើទៅ​រួច​ទេ​។ ក៏ប៉ុន្តែ អាច​វា​បញ្ជា​ទៅ​អា​អ្នកផ្សេង​ឲ្យ​ធ្វើ​។ ដូចជា​វា​អាចធ្វើ​នៅ​កន្លែង​ផ្សេង​។ វា​អាចធ្វើ​នៅ​ភ្នំពេញ ឬ សៀមរាប​៕

ទីតាំងផ្សាយពាណិជ្ជកម្ម