ដោយ: ប.ខុន / ភ្នំពេញ: សកម្មភាពក្រីដើមគ្រាប់បែក (គីនីន) នៅលើសួនផ្លូវភ្លោះព្រះអង្គឌួង ដើម្បីបន្ថយហានិភ័យពីគ្រោះថ្នាក់ដែលអាចកើតឡើងពីការដួលរលំ ឬបាក់មែកនៅពេលមានខ្យល់បក់បោងខ្លាំង កំពុងធ្វើដោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តរំខានដល់ការធ្វើចរាចរនៅលើប្រព័ន្ធផ្លូវតំបន់នេះយ៉ាងហោច២សប្តាហ៍ទៀតទើបរួច សូមបងប្អូនអ្នកដំណើរមានការយោគយល់និងអធ្យាស្រ័យ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ នៃមន្ទីរសាធារណការ រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៦ខែមករាឆ្នាំ២០២១ថា ការកាប់ក្រីដើមគ្រាប់បែក ដែលអ្នកខ្លះហៅថាដើមគីនីននៅលើសួនផ្លូវភ្លោះព្រះអង្គឌួង តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើអស់រយៈពេលពីរសប្តាហ៍មកហើយនោះ ទើបបានរួចនៅលើផ្លូវលេខ១១០ ពេលនេះកំពុងបន្តធ្វើនៅលើផ្លូវម្ខាងទៀត (ផ្លូវលេខ១១៤) ដែលយ៉ាងហោជណាស់ក៏ពីរសប្តាហ៍ទៀតដែរ ទើបបានហើយ។
នៅក្នុងពេលកាប់ក្រីមែកឈើនេះ លោក សំ សាមុត បញ្ជាក់ថា ជួបការលំបាកខ្លាំងណាស់ ដោយសារផ្លូវនៅសងខាងសួននេះមានចរាចរឆ្លងកាត់ច្រើន មែកឈើធំៗ និងខ្ពស់ត្រូវប្រើឡានស្ទួចយោងអ្នកកាប់ឡើង ដោយកាប់ម្តងបន្តិច ដើម្បីកុំឱ្យធ្លាក់ត្រូវយានយន្តអ្នកដំណើរ និងត្រូវចំដើមឈើតូចៗ និងសួននៅផ្នែកខាងក្រោម។ ការក្រីមែកឈើនេះ ពិតជាបានធ្វើឱ្យមានការស្ទះចរាចរជាខ្លាំង សូមបងប្អូនអ្នកដំណើរ មានការយោគយល់និងអធ្យាស្រ័យ។
លោក សំ សាមុត និយាយឱ្យដឹងទៀតថា ដើមគ្រាប់បែកធំៗមានអាយុរាប់សិបឆ្នាំមកហើយនេះ ខ្លះទ្រេខ្លាំងមានមែកធំប្រឈមនឹងការដួលរលំ បើយើងមិនបានកាត់ក្រីសម្រាលដើមទេនោះ។ កន្លងទៅក៏ធ្លាប់បានកាប់សម្អាតដូចដើម ឈើ នៅលើផ្លូវផ្សេងៗទៀតដែរ។ ដើមឈើធំៗនៅតាមផ្លូវនិងលើសួននានាក្នុងរាជធា នីកម្រមានការអនុញ្ញាឱ្យដកចេញណាស់ គឺមានតែការដាក់ដាំបន្ថែម។ដើមគ្រាប់ បែកនៅលើសួននិងចិញ្ចើមផ្លូវព្រះអង្គឌួង មានចំនួសរុប១០៥ដើម ក្នុងនេះមាន ដើមធំៗចំនួន៥០ដើមដែលត្រូវធ្វើការកាត់ក្រី ដើម្បីបន្ថយហានីភ័យពីគ្រោះ ថ្នាក់ ដែល អាចកើតមានឡើងនៅពេលមានខ្យល់បក់បោកខ្លាំង៕