ដោយៈតាកែវ/តាកែវៈ កាលពីពេលថ្មីៗនេះ ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ (មន្ត្រីសម្របសម្រួលអង្គការ BirdLife) និង លោកឈឿន សុជាតិ (ប្រធានក្រុមឧទ្យានុរក្ស) បានកត់ត្រាចំពោះ វត្តមានសត្វចាបព្រៃប្រមាណជា២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រោយពីបាត់ដំណឹងអស់រយះពេលបីឆ្នាំមកហើយ។
ចំពោះបញ្ហាប្រឈម ដែលបណ្តាលមកពីបាត់វត្តមានសត្វទាំងនោះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺដោយសារការទន្ទ្រានយកដីរបស់ជនខិលខូច និងកង្វះទឹកនារដូវប្រាំង។ មួយវិញទៀតមកពីការបំពុល ដោយការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកំរិត គឺជាកត្តាគំរាមកំហែង ដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។
ការបង្ហាញខ្លួននេះ បញ្ចាក់ថាទីជម្រក ដែលមាននៅតំបន់ដីសើមនេះ បានដើរតួយ៉ាងសំខាន់ក្នុងការរស់នៅ និងពងកូនរបស់សត្វស្លាបទឹក ជាច្រើនប្រភេទ និងសត្វស្លាបទេសន្តរប្រវេសន៍ ដូចជាសត្វក្រៀល និងសត្វចាបព្រៃវែងជាដើម។
សូមជំរាបជូនថា សត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ ជិតផុតពូជបំផុត ដែលកំណត់ក្នុងបញ្ជីក្រហម IUCN អាស្រ័យដោយចំនួនរបស់វានៅលើពិភពលោកបានថយចុះជាង៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះ បង្កកំណើតនៅអ៊ឺរ៉ុប និងអាស៊ីខាងជើងបន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ ពួកវា ត្រទ្បប់ទៅប៉ែកអ៊ឺរ៉ុបវិញ។
នៅក្នុងកំឡុងឆ្នាំ២០០០ នៅប្រទេសកម្ពុជាគេធ្លាប់ឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង១០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្នវត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ២ក្បាលក៏មាន។
ក្នុងនោះមន្ត្រីជំនាញ ដែលការពារ និងអភិរក្សនូវតំបន់ជម្រកសត្វបឹងព្រែកល្ពៅ ចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺចូលរួមការពារសត្វស្លាបជិតផុតពូជ ។
បើតាមការឲដឹងពីលោក ឆយ ម៉ុមលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បានឲដឹងថា ការជម្រឿនសត្វស្លាបអាស៊ី ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ លទ្ធផលត្រូវបានរកឃើញមានវត្តមានសត្វស្លាបព្រៃ ចំនួន:១០១៤៦ក្បាល មានប្រភេទសត្វស្លាបចំនួន ៦៤ប្រភេទ ក្នុងនោះសត្វស្លាប៣ប្រភេទទើបរកឃើញមានវត្តមានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺ: ១.សត្វត្រដាវវិចក្បាលប្រផេះ ចំនួន:៧ក្បាល ២.សត្វទីតលីតតូចជើងលឿងវែង ចំនួន៣០ក្បាល ៣.សត្វក្បាលធំវ័ណ្ឌទ្រូងខ្មៅ ចំនួន៤០ក្បាល៕