ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកអ៊ូច័ន្ទរ័ត្នអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិបានប្រកាសជាផ្លូវការនូវឈ្មោះគណបក្សដែលបង្កើតថ្មីគឺគណបក្ស“កែទម្រង់កម្ពុជា”ដែលនឹងដាក់ពាក្យស្នើសុំបង្កើតទៅក្រសួងមហាផ្ទៃក្នុងសប្តាហ៍នេះ។គណបក្សថ្មីនេះគឺបង្កើតឡើងដោយក្រុមអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិឮពោលគឺដោយសារតែពួកគេមិនមាន ជំនឿថា អតីតគណបក្សសង្គ្រោះជាតិ អាចរស់ឡើងវិញបានឡើយ។
លោកអ៊ូច័ន្ទរ័ត្នបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៦ខែមករានេះថាទាក់ទងការបង្កើតគណបក្សថ្មីនេះបានសម្រេចយកឈ្មោះ ជាផ្លូវការហើយ គឺគណបក្ស “កែទម្រង់កម្ពុជា” (គ.ក.ក , CRP) ដោយកំពុងតែរៀបចំបញ្ជីនិងឯកសារដើម្បីដាក់ទៅ ក្រសួងមហាផ្ទៃឲ្យបានមុនដំណាច់ខែមករានេះ។ ចំណែករូបសញ្ញាគណបក្ស“កែទម្រង់កម្ពុជា” គឺមានរូបព្រះអាទិត្យ និងក្បាលដំរីបួងផ្កាឈូកបីដើម។
លោកបានបញ្ជាក់ថា ការបង្កើតគណបក្សថ្មីនេះ គឺមានអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន បានមកចូលរួមជាមួយ។ ប៉ុន្តែនៅក្នុងការបង្កើតគណបក្សថ្មីនេះ លោកមិនមែនជាបេក្ខភាពប្រធានគណបក្សនោះទេ ពីព្រោះមានបុគ្គលដែលអាចនឹងចេញមកដឹកនាំគណបក្សថ្មីនេះ។
ទាក់ទងព័ត៌មានដែលថា នឹងមានការអញ្ជើញលោកកឹម សុខា ចូលរួមជាមួយគណបក្សថ្មីនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា លោកមិនបានធ្វើទំនាក់ទំនងជាមួយលោកកឹម សុខា ទេ ពីព្រោះវាប៉ះពាល់ផ្លូវច្បាប់ ហើយលោកកឹម សុខា មិនមានចេតនាបង្ហាញពីជំហររបស់លោកក្នុងរឿងទាំងនេះទេ។ ប៉ុន្តែលោកបានប្រកាសហើយថាមិនប៉ះពាល់ឈ្មោះ លោកកឹម សុខា នោះទេ។ ប៉ុន្តែក្នុងករណីណាដែលលោកកឹម សុខា មានលទ្ធភាពចេញមកដឹកនាំនយោបាយវិញ ឬមួយក៏ខាងភាគីលោកសម រង្ស៊ី អាចមានលទ្ធភាពចេញមកដឹកនាំនយោបាយវិញ គណបក្ស“កែទម្រង់កម្ពុជា” នឹងផ្អាកសកម្មភាពមិនចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនោះទេ។
សូមជម្រាបថា លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិទទួលបាននីតិសម្បទា ឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ ក្រៅពីនេះ ក៏មានអតីតមន្ត្រីជាន់ខ្ពស់ចំនួន១២រូបផ្សេងទៀតក៏ទទួល បាននីតិសម្បទាឡើងវិញដែរ។ ក្នុងចំណោមអ្នកទទួលបាននីតិសម្បទាឡើងវិញនោះ គឺមានលោកជីវ កត្តា បានបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ , លោករៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្សនិយម។ ចំណែកលោកគង់ គាំ បានទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងដោយលោកគង់ ម៉ូនីកា កូនប្រុសបង្កើតរបស់លោក៕សរន