ដោយៈសុផល/ភ្នំពេញ: ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) និងធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៦ខែមករានេះបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធ “រីធែលផេ”។ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់នេះ ដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវ ការទូទាត់ប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និង ជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។
បណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោក នោហ្យន់ ជូន(RhoHyun Jun)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួមក្នុងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធ “រីធែលផេ” ព្រមជាមួយអ្នកតំណាងមកពីសមាគមធនាគារនៅកម្ពុជា (ABC) តំណាងមកពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងធនាគារ និងមីក្រូហិរញ្ញវត្ថុ ។
សូមជម្រាបថា៖សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងធ្វើការរួមគ្នាលើ គម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដោយផ្តល់ជំនួយឥតសំណងចំនួន ៨ លានដុល្លារ (ប្រាំបីលានដុល្លារអាមេរិក) តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សម្រាប់ការធ្វើផែនការ ការកំណត់អត្តសញ្ញាណ/ការបញ្ជាក់ ការរចនា ការអនុវត្ត ការសាកល្បង និងការបង្កើតប្រព័ន្ធទូទាត់ចំនួន៣៖ ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ (real-time fund transfer “RFT”) ប្រព័ន្ធទូទាត់ចល័ត(mobile payment system “MPS”) និងប្រព័ន្ធទូទាត់តាមរយៈQRកូដ (QR-code payment system “QPS”) ។ វាក៏រួមបញ្ចូល ប្រព័ន្ធផាត់ទាត់អេឡិចត្រូនិច (electronic clearing system “ECS”) ផងដែរ។
ប្រព័ន្ធទូទាត់ថ្មី ឬ “ប្រព័ន្ធរីធែលផេ” ត្រូវបានបង្កើតឡើង ក្រោមការផ្តល់ជំនួយឥតសំណងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ។ប្រព័ន្ធរីធែលផេគឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់ ដែលដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈ ការផ្តល់នូវ ការទូទាត់ប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និង ជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។ លើសពីនេះទៀតធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការលើការអភិវឌ្ឍប្រព័ន្ធរីធែលផេដែលជាអាទិភាពមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាម យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។
តាមរយៈ “ប្រព័ន្ធរីធែលផេ” នៅពេលអ្នកផ្ញើប្រាក់ផ្ញើប្រាក់ (រៀលឬដុល្លារ) ដោយទៅធនាគារដោយផ្ទាល់ ឬប្រើប្រាស់សេវាធនាគារចល័តលុយត្រូវបានដាក់ទៅក្នុងគណនីធនាគារ របស់អ្នកទទួលក្នុងរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ។ សេវាកម្មនេះបានអនុញ្ញាតឲ្យយើង បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ ដែលកាត់បន្ថយហានិភ័យ នៃការបាត់បង់សាច់ប្រាក់ ឬចោរលួច។
បណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ប្រព័ន្ធទូទាត់នេះ មានអត្ថប្រយោជន៍យ៉ាងច្រើនទាក់ទងនឹងការជំរុញសេដ្ឋកិច្ចជាតិតាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ដោយដឹងអំពីសារៈសំខាន់នៃប្រព័ន្ធបែបនេះធនាគារជាតិនៃកម្ពុជានិងកូយកាបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីបង្កើតការទូទាត់ Retail Payប៉ុន្មានឆ្នាំកន្លងមកនេះ។ ពិធីបើកជាផ្លូវការថ្ងៃនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យរវាងភាគីទាំងពីរ។
លោកបានបន្តថាបន្ទាប់ពីភ្ជាប់ចំណងទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យសហប្រតិបត្តិការនយោបាយសេដ្ឋកិច្ច ការអភិវឌ្ឍ និងវប្បធម៌ពេញលេញ។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បន្តថា បច្ចុប្បន្នប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូសំខាន់ៗរបស់ប្រទេសកូរ៉េទាក់ទងនឹងកម្មវិធី ODA ។ នៅដើមទសវត្សឆ្នាំ ១៩៩០ ជំនួយឥតសំណងរបស់កូរ៉េដល់ប្រទេសកម្ពុជាបានចាប់ផ្តើមក្នុងទ្រង់ទ្រាយតូចមួយភាគច្រើនជាទម្រង់ជំនួយមនុស្សធម៌។ ប៉ុន្តែទំហំជំនួយនេះបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ៧១ លានដុល្លារក្នុងឆ្នាំ ២០១៩ គ្របដណ្ដប់លើវិស័យសុខាភិបាល អប់រំ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
លោកជឿជាក់ថាពិធីបើកជាផ្លូវការនូវប្រព័ន្ធរីថេលផេនាពេលបច្ចុប្បន្ននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទាក់ទងនឹងការច្នៃប្រឌិតថ្មីប្រព័ន្ធទូទាត់ប្រាក់ ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអន្តរធនាគារ បង្កើនប្រសិទ្ធភាពប្រតិបត្តិការនិងធ្វើឱ្យការផ្ទេរប្រាក់កាន់តែមានសុវត្ថិភាព។ ក្នុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ រីថេលផេ អាចជួយការពារការរីករាលដាលនៃវីរុសតាមរយៈការផ្តល់សេវាកម្មទទាត់ប្រាក់តាមឌីជីថល ។
លោកសង្ឃឹមថាប្រព័ន្ធរីថេលផេនិងប្រព័ន្ធទូទាត់ប្រាក់ផ្សេងទៀតនឹងបង្ហាញពីការពង្រឹងគ្នាទៅវិញទៅមកបង្កើតឱ្យមានប្រសិទ្ធិភាពរួមគ្នា។ កត្តានេះ នឹងជាមាគ៌ាដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជានិងការធ្វើសមាហរណកម្មស៊ីជម្រៅរបស់កម្ពុជាទៅក្នុងវិស័យហិរញ្ញវត្ថុនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសកូរ៉េចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានិងភាពរុងរឿងរបស់ប្រជាជនកម្ពុជា។កូយកានឹងបន្តធ្វើជាដៃគូដែលអាចទុកចិត្តបាននិងមានប្រសិទ្ធិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធ “រីធែលផេ” ជាឧបករណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងប្រព័ន្ធទូទាត់ទំនើបនៅកម្ពុជា។ប្រព័ន្ធទូទាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្តល់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពដើម្បីជួយសម្រួលដល់ការផ្ទេរមូលនិធិនិងការទូទាត់សម្រាប់សកម្មភាពពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះប្រព័ន្ធទូទាត់ក៏ជាឧបករណ៍ដ៏មានប្រសិទ្ធិភាពមួយដែលត្រូវបានប្រើដើម្បីពន្លឿនការរួមបញ្ចូលហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់ហ្វីនថិច (Fintech) ថ្មីដើម្បីពង្រីកការផ្តល់សេវាទូទាត់តាមអេឡិចត្រូនិកដល់ប្រជាជននៅតាមជនបទដែលធនាគារទៅមិនដល់។
អ្វីដែលសំខាន់បំផុតខណៈពេលដែលប្រទេសកម្ពុជានិងពិភពលោកត្រូវបានរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃ Covid19និងវិធានការការពារដូចជាចត្តាឡីស័ក គម្លាតបុគ្គល ត្រូវបានអនុវត្តនោះ ប្រព័ន្ធទូទាត់ប្រាក់បានរួមចំណែកយ៉ាងច្រើនដល់ការបង្កើនមធ្យោបាយទូទាត់តាមអេឡិចត្រូនិកនិងកាត់បន្ថយការប្រើប្រាស់ សាច់ប្រាក់ដែលអាចជាប្រភពនៃការរីករាលដាលមេរោគ។
លោកស្រីទេសាភិបាលរងបានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់នៃប្រព័ន្ធទូទាត់ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍរៀបចំនិងត្រួតពិនិត្យប្រព័ន្ធទូទាត់ដើម្បីលើកកម្ពស់សុវត្ថិភាពប្រសិទ្ធភាពការប្រកួតប្រជែងការការពារអតិថិជននិងការបង្កើតថ្មីនៅក្នុងវិស័យទូទាត់។
រហូតមកដល់ពេលនេះធនាគារជាតិនៃកម្ពុជាបានបង្កើតនិងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្សេងៗដូចជាប្រព័ន្ធទូទាត់ជាតិក្នុងឆ្នាំ ២០១២ ប្រព័ន្ធទូទាត់ប្រាក់រហ័សនៅឆ្នាំ ២០១៦ និងប្រព័ន្ធបាគងនៅខែតុលាឆ្នាំ ២០២០៕