ដោយៈ គង់ហេង / កំពង់ចាម: ប្រតិបត្តិការរុករក និងស្រង់យកគ្រាប់យុទ្ធភ័ណ្ឌ ក្នុងនាវាចម្បាំង ដែលបានលិចក្នុងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម កាលពីសម័យសង្ក្រាម ទសវត្សរ៍ឆ្នាំ១៩៧០ នោះ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញស្លាកឈ្មោះ ទាហានម្នាក់ មួកដែកចំនួនមួយ និងគ្រាប់យុទ្ធភ័ណ្ឌ ប្រមាណជាង ប្រាំមួយ តោន ។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការ បោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងរក្សាសន្តិសុខ បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម (NPMEC) បានមានប្រសាសន៍ ប្រាប់នៅថ្ងៃទី ២៦ មករាថាៈ លទ្ធផល នៃយុទ្ធនាការរបស់ កងកម្លាំងជំនាញ បានប្រមូលស្រង់ គ្រាប់កាំភ្លើង ចេញពីក្នុងនាវាចម្បាំង នៅឃ្លុបខាងមុខមួយ ដែលបានលិច នៅបាតទន្លេមេគង្គ ទន្ទឹមនឹងស្រុកស្រីសន្ធរ និងស្រុកកងមាស ចន្លោះឆ្នាំ ១៩៧០-១៩៧៥ គឺសរុបប្រហែលជាង ៦.០០០ គីឡូក្រាម។
រកឃើញស្លាកឈ្មោះ ទាហានម៉ារីន និងគ្រាប់កាំភ្លើង ជាងប្រាំមួយតោន នៅបាតទន្លេមេគង្គ
លោកឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍ឱ្យដឹងទៀតថាៈ ក្នុងនោះ មានគ្រាប់កាំភ្លើងត្បាល់ ទំហំ ៨១ មីល្លីម៉ែត្រ ៦០ មីល្លីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧ មីល្លីម៉ែត្រ ពិសេសបានរកឃើញវត្ថុតាង ជាស្លាកឈ្មោះ ទាហានម៉ារីនម្នាក់ សរសេរជា ភាសាបារាំង CHHIM-CHHEANG-LY Marine Nationale Khmere មួកដែកចំនួនមួយ និងកាំបិតកងទ័ព ដែលសន្និដ្ឋាន ជាទាហានសម័យសាធារណរដ្ឋ លន់ ណុល តែមិនប្រទះឃើញឆ្អឹង ជាសាកសពមនុស្សទេ។
លោក សុភា បានបន្ថែមថាៈ ប្រតិបត្តិការនេះ បាននិងកំពុងរុករក ប្រមូលគ្រាប់យុទ្ធភ័ណ្ឌ ខាងលើនេះ យើងបានធ្វើក្រោមផ្ទៃទឹក ជុំវិញនាវាដែលលិច ចំនួនពីរ គ្រឿង ដែលកប់ក្រោមខ្សាច់ ជម្រៅប្រមាណ ប្រាំម៉ែត្រ ដែលមានជម្រៅទឹកទន្លេ ចាប់ពី ២០ ទៅ ៣០ ម៉ែត្រ ក្នុងរង្វង់ផ្ទៃទឹក ប្រហែល ១៥០ ហិកតា។
រកឃើញស្លាកឈ្មោះ ទាហានម៉ារីន និងគ្រាប់កាំភ្លើង ជាងប្រាំមួយតោន នៅបាតទន្លេមេគង្គ
លោកបានបន្តថាៈ យុទ្ធនាការនេះ យើងបានចាប់ផ្តើម តាំងពីចុងឆ្នាំ២០២០ ប៉ុន្តែកាលនោះ បានជួបបញ្ហាប្រឈមនឹងអាកាសធាតុ ខ្យល់ខ្លាំង ទឹករលក។ ក្រោយពីស្ងប់ខ្យល់ ក្រុមការងារកងកម្លាំង បានចាប់សម្រុកខ្លាំង នាមួយរយ:នេះ។ យើងនៅមិនអាចកំណត់បាន ពេលណានឹងស្រង់ យកនាវាចម្បាំង ឡើងលើគោក បាននៅឡើយទេ។ ដោយបានជួបឧបសគ្គ កាកសំណល់ច្រើន ដូចជាគល់ដើមឈើ គល់ឫស្សី មង អួនចាស់ៗ បានប៉ើងជាប់នឹងនាវានោះ៕/V