ដោយៈសុផល/កំពង់ធំ: ស្ថានទូតជប៉ុន និងកម្មវិធីស្បៀងអាហាពិភពលោកនៅថ្ងៃទី២៦ មករានេះ បានធ្វើបេសកកម្មរួមគ្នាមួយទៅកាន់ខេត្តកំពង់ធំ ដើម្បីពិនិត្យមើលការបន្តការផ្តល់អាហារដល់សាលារៀន និងទៅពិនិត្យមើលមជ្ឈមណ្ឌលសុវត្ថិភាព ដែលសាងសង់ថ្មី។ បេសកកម្មនេះបានធ្វើដំណើរទៅកាន់សាលាបឋមសិក្សាជីមាកខេត្តកំពង់ធំ ដើម្បីសង្កេតមើលកម្មវិធីផ្តល់អាហារដល់សាលារៀននិងធ្វើដំណើរទៅកាន់ឃុំ ដែលងាយលិចទឹកក្នុងឃុំខ្សាច់ជីរួស ដើម្បីមើលមជ្ឈមណ្ឌលជម្លៀសមួយក្នុងចំណោមមជ្ឈមណ្ឌលជម្លៀសទាំង៦ដែលកំពុងសាងសង់។
កម្មវិធីទាំងនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរៀងៗខ្លួន ជាមួយក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាការត្រៀមសង្គ្រោះបន្ទាន់ បង្ហាញនូវភាពជាដៃគូយូរអង្វែងរវាងរដ្ឋាភិបាលជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការគាំទ្រដល់អាទិភាពជាតិនៅក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភក៏ដូចជា ការត្រៀមរៀបចំគ្រាមានអាសន្ន។
ឯកអគ្គរាជទូតជប៉ុន Masahiro Mikami បានកត់សម្គាល់ថា កម្មវិធីស្បៀងអាហាពិភពលោក និងជប៉ុនបានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាហើយលោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះ។ ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលជប៉ុន គឺជាដៃគូដ៏សំខាន់មួយសម្រាប់ការងាររបស់កម្មវិធីស្បៀងអាហាពិភពលោកនៅកម្ពុជា ដោយបានចូលរួមវិភាគទានចំនួន ២២លានដុល្លាអាមេរិក ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ តាមរយៈជំនួយ (អង្ករ និងត្រីខកំប៉ុង) និងវិភាគទានជាសាច់ប្រាក់ក្នុងការគាំទ្រសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមមាន ការផ្តល់ចំណីអាហារនៅសាលារៀន ក៏ដូចជាការត្រៀមនិងការឆ្លើយតបបន្ទាន់។
ការផ្តល់អាហារនៅសាលារៀន ផ្តល់នូវអាហារប្រកបដោយសុវត្ថិភាព និងជីវជាតិដល់កុមារថ្នាក់ត្រៀមចូលបឋមសិក្សា និងបឋមសិក្សានៅក្នុងសហគមន៍ដែលងាយរងគ្រោះ។ វាលើកទឹកចិត្តឱ្យកុមារចុះឈ្មោះចូលរៀន និងចូលរៀនជាប្រចាំ រួមទាំងកាត់បន្ថយភាពអត់ឃ្លានរយៈពេលខ្លី ធ្វើឱ្យប្រសើរឡើងនូវការផ្តោតអារម្មណ៍ក្នុងអំឡុងពេលសិក្សា។ ដូច្នេះ វារួមចំណែកដល់លទ្ធផលនៃការអប់រំ និងអាហាររូបត្ថម្ភ ខណៈពេលដែលវាដើរតួជាបណ្តាញ សុវត្ថិភាពដ៏សំខាន់សម្រាប់គ្រួសារដែលងាយរងគ្រោះបំផុត។
នៅឆ្នាំ២០១៩ជប៉ុនបានចូលរួមវិភាគទានចំនួន២.៧លានដុល្លាអាមេរិកដល់កម្មវិធីស្បៀងអាហាពិភពលោកដើម្បីលើកកម្ពស់ភាពធន់របស់សហគមន៍កម្ពុជាក្នុងការរងនូវភាពតក់ស្លុត និងកសាងសមត្ថភាពស្ថាប័នក្នុងការត្រៀមលក្ខណៈបន្ទាន់។
ការគាំទ្រនេះបានជួយឱ្យមាន៖ ១) សាងសង់មជ្ឈមណ្ឌលជម្លៀសដែលមានសុវត្ថិភាពចំនួន៦ នៅក្នុងខេត្តចំនួន៣ដែលជាខេត្តដែលងាយរងគ្រោះដោយទឹកជំនន់។ ២) ពង្រឹងការគ្រប់គ្រង ផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ និងទី៣) ពង្រឹងសកម្មភាពមុនពេល តាមរយៈប្រព័ន្ធប្រកាសអាសន្ន។
តំណាងកម្មវិធីស្បៀងអាហារពិភពលោកអ្នកស្រី Claire Conan បានកត់សម្គាល់ថា៖ គ្រោះទឹកជំនន់ធ្ងន់ធ្ងរដែលបានប៉ះពាល់ដល់ប្រជាជនជាង៨០០.០០០នាក់នៅទូទាំង ខេត្តចំនួន១៩ កាលពីខែតុលា គឺជាកាត់សម្គាល់ដ៏សំខាន់មួយ អំពីសារៈសំខាន់នៃការខិតខំរួមគ្នារបស់យើងក្នុងការរៀបចំ និងឆ្លើយតបចមពោះគ្រោះមហន្តរាយ។ ការគាំទ្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការកសាងមជ្ឈមណ្ឌលជម្លៀស ដែលមានសុវត្ថិភាពចំនួន៦ និង បង្កើនការត្រៀមរៀបចំជាបន្ទាន់នៅកម្រិតសហគមន៍ គឺជាចំណុចសំខាន់ក្នុងការជួយសង្គ្រោះជីវិត និងការរស់នៅក្នុងប្រទេសកម្ពុជា៕