ប្រែសម្រួល : កញ្ញាដាលីស ៖ ចិននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះគឺតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងប្រតិកម្មទាំងកំហឹងចំពោះក្រុមនាវាផ្ទុកយន្តហោះរបស់អាម៉េរិកដែលចូលមកក្នុងដែនទឹកជម្លោះ។
សេចក្តីជូនដំណឹងដែលចេញដោយរដ្ឋបាលសុវត្ថិភាពនាវាចរណ៍របស់ចិនហាមឃាត់ការចូលដែនទឹកមួយនៅឈូងសមុទ្រតុងកឹងរហូតដល់ភាគខាងលិចឧបទ្វីបឡីជូស្ថិតនៅភាគនិរតីប្រទេសចិនចាប់ពីថ្ងៃទី ២៧ ខែមករាដល់ថ្ងៃទី ៣០ ខែមករា។
ក្រុមនាវាផ្ទុកយន្តហោះអាម៉េរិកដឹកនាំដោយនាវា USS Theodore Roosevelt បានចូលមកសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ដើម្បីលើកកម្ពស់ “សេរីភាពដែនសមុទ្រ” នៅប៉ុន្មានថ្ងៃបន្ទាប់ពីលោក ចូ បៃដិន ចាប់ផ្តើមអាណត្តិរបស់លោកជាប្រធានាធិបតី។
ដែនទឹកប្រទាញប្រទង់នេះបានក្លាយជាចំណុចជម្លោះថ្មីមួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីដ៏តានតឹងរវាងប៉េកាំងនិងវ៉ាស៊ីនតោន។
យោធាអាម៉េរិកបានបង្កើនសកម្មភាពរបស់ខ្លួននៅទីនោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះខណៈចិនអះអាងទាមទារទឹកដីរបស់ខ្លួននៅក្នុងតំបន់ជម្លោះជាមួយប្រទេសជិតខាងរួមមានវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេនិងកោះតៃវ៉ាន់។
ការប្រកាសធ្វើសមយុទ្ធនៅឈូងសមុទ្រតុងកឹងក្បែរភាគខាងកើតវៀតណាមកើតឡើង ខណៈវៀតណាមបើកសមាជបក្សកុម្មុយនីស្តដ៏សំខាន់នៅទីក្រុងហាណូយ៕
ចិននឹងធ្វើសមយុទ្ធចាប់ពីថ្ងៃទី ២៧ ខែមករាដល់ថ្ងៃទី ៣០ ខែមករា ក្រោយពីក្រុមនាវាផ្ទុកយន្តហោះអាម៉េរិកដឹកនាំដោយនាវា USS Theodore Rooseveltបានចូលមកសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍