ដោយ: ដេប៉ូ / ភ្នំពេញ: នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យមន្ទីរអប់រំ-រាជធានីខេត្ត មកទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ដើម្បីចែកជូនបេក្ខជន ដែលប្រឡងជាប់ដោយស្វ័យប្រវត្តិ ដោយឥតគិតថ្លៃ។
បើយោងតាមលិខិត របស់រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងថា “សូមជម្រាបជូនលោក-លោកស្រី ប្រធានជ្រាបថា៖ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ជូនបេក្ខជនដែល ទើបបានសម្រេចឲ្យជាប់ ដោយស្វ័យប្រវត្តិ ដើម្បីយកទៅប្រើប្រាស់ តាមច្បាប់អនុញ្ញាត”។
ក្រសួងបានបន្តឱ្យដឹងថា”អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក-លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់ មកជាមួយនូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឲ្យមកទទួលយក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ដើម្បីយកទៅចែកជូន បេក្ខជនដោយឥតគិតថ្លៃ”។
គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហោថាឌីប្លូម និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស ដោយសារកម្ពុជាបានប្រឈមជាមួយវិបត្តិជំងឺកូវីដ-១៩រួចមក។
សូមរំលឹកដែរថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ឆ្នាំ២០២០កន្លងមក មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់) ហើយក្នុងចំណោមបេក្ខជនទាំងនេះ ត្រូវបានក្រសួងអប់រំសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិទាំងអស់៕