Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នក​ចិញ្ចឹម​...

អ្នក​ចិញ្ចឹម​ត្រី​អះអាង​ពង្រីក​បរិមាណ​និង​គុណភាព ខណៈ​តម្រូវការ​ខ្ពស់​ពី​អ្នក​ទទួលទាន​

ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក​ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា បាន​បាន​ធានា និង​អះអាងថា នឹង​បង្កើន​ផលិតកម្ម​វារីវប្បកម្ម​ក្នុង​កសិដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ឡើង​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឆ្លើយតប​និង​ទីផ្សារ​បច្ចុប្បន្ន​ដែលមាន​តម្រូវការ​ខ្ពស់​ពី​អ្នក​ទទួលទាន​ក្នុងស្រុក​។​

​ក្នុង​ឱកាសលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ​ញ្ញើញ​ចុះ​បេសកកម្ម និង​ល​រួម​វេទិការ​ជាតិ​អេកូ​ទេស ចរណ៍​លើក​ទី​២ វាយតម្លៃ​លើ​វឌ្ឍនភាព​វិស័យ​វារីវប្បកម្ម ក​សិ​-​ឧស្សាហកម្ម និង​សាកវប្បកម្ម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា​នៅ​ភូមិ​ស្មោ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក បានឱ្យដឹងថា គិត​មកដល់ពេលនេះ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្ពិន ត្រី​ប្រា និង​ត្រី​ក្រាញ់ បាន​ដំណើរការ​១០​ឆ្នាំ​ហើយ ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​អាជ្ញាធរ​មូលដ្ឋាន បច្ចុប្បន្ន​កសិដ្ឋាន​បាន​ពង្រីក​សក្តានុពល​ចិញ្ចឹម​ដល់​ទៅ ៤២​ស្រះ មាន​ធំ មាន​តូច ក្នុងនោះ​ផល​ចាប់​អាច​ទទួល​បានជា​មធ្យម​ចំនួន ២០០​តោន ក្នុង​មួយឆ្នាំ សម្រាប់​ផ្គត់​ផ្គង​ឲ្យ​ទីផ្សារ​ក្នុង​តំបន់​ខេត្ត និង​រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​បាន​ពិនិត្យ​សកម្មភាព​ឲ្យ​ចំណី​ត្រី​ក្នុង​កសិដ្ឋាន និង​បាន​ជ្រាប​អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន​ក្នុង​កសិដ្ឋាន​រួចមក លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក​ប្រធាន​សមាគម ដែល​សកម្មភាព​នេះ​សម​ស្របតាម​ការណែនាំរ​បស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ចង្អុល ណែនាំ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ត្រី និង​កង្កែប​ជា​លក្ខណ​គ្រួសារ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ស្បៀង បង្កើន​ប្រាក់ចំណូល និង​ជំរុញ​ការនាំចេញ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ ឆ្លង​កូ​វីដ​១៩​។ មិនតែប៉ុណ្ណោះ លោក​បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​កសិដ្ឋាន​បានល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស គុណភាព​ទឹក ប្រព័ន្ធ​បង្ហូរទឹក​ចេញចូល និង​ក្សេត្រ​បរិស្ថាន​ដែលមាន​លក្ខណ​អំណោយផល​សម្រាប់​ជីវិត​រស់នៅ​របស់​ត្រី​បាន​យ៉ាង​ល្អ ហើយ​អាច​ចាត់ទុកជា​កសិដ្ឋាន​គំរូ​នៅ​ទូទាំង​ខេត្ត​ផងដែរ​។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​ខិតខំ​ពង្រីក​សក្តានុពល​ចិញ្ចឹម​បន្ថែមទៀត រួមទាំង​បង្កាត់​ពូជ និង​ពង្រីក​ដៃគូ​ចិញ្ចឹម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ស្រប​ពេលដែល​ក្រសួង​បាននិងកំពុង​ផ្អាក​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​ដើម្បី​បង្កើន​ផលិតកម្ម​ក្នុងស្រុក​។ មួយវិញទៀត កសិដ្ឋាន គួរប្រើ​សក្តានុពល​រប​ស់​កសិដ្ឋាន​មាន​ដី ទឹក និង​បរិស្ថាន ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​បង្កើត​កន្លែង​បង្កាត់ និង​ភ្ញាស់​ពូជ​ត្រី​ដែល​ទីផ្សារ​ខ្វះខាត និង​ពេញនិយម​ចិញ្ចឹម សម្រាប់​ផ្គត់ផ្គង់​ឲ្យ​អ្នក​ចិញ្ចឹម​ក្នុង និង​ក្រៅ​តំបន់​នេះ ឬ​ជា​កន្លែង​ស្រាវជ្រាវ​គុណភាព​ចំណី​ត្រី និង​ហ្វឹកហាត់​ការងារ​របស់​និស្សិត​។​

​សូមបញ្ជាក់ថា ដំណើរ​បេសកកម្ម​រប​ស់លោក​រដ្ឋមន្ត្រី​កសិកម្ម និង​សហការី ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​វេទិការ​ជាតិ​អេកូ​ទេស ចរណ៍​លើក​ទី​២ វាយតម្លៃ​លើ​វឌ្ឍនភាព​វិស័យ​វារីវប្បកម្ម ក​សិ​-​ឧស្សាហកម្ម (​ចេកអំបូង​លឿង​) និង​សាកវប្បកម្ម គឺមាន​រយ​:​ពេល ០៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ តាមផ្លូវ​ទៅកាន់​ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular