ដោយ: ពៅនិមល / ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុនលើវិស័យអាទិភាពមួយចំនួន និងស្នើឲ្យសហការគាំទ្រដល់ក្រសួងលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(STI) និងផ្តល់ការបណ្តុះបណ្តាលលើជំនាញ ស្ទែម ដល់សិស្សនិស្សិតកម្ពុជា។
ក្នុងជំនួបការងារ រវាងលោកស្រី Davyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១កន្លងទៅ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្តែងការអបអរសាទរ និងសង្ឃឹមថា បេសកកម្មរបស់លោកស្រី នឹងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឲ្យកាន់តែរីកធំធាត់មួយកំរិតថែមទៀត ជាពិសេសលើវិស័យវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មជាដើម។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌា មកបណ្តាក់ទុននៅកម្ពុជា លើវិស័យអាទិភាពមួយចំនួនដូចជា៖ កសិកម្មដាំល្មៀត, ការកសាងមន្ទីរពេទ្យ, វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម និងស្នើឲ្យប្រទេសឥណ្ឌាសហការគាំទ្រដល់ក្រសួងលើជំនាញ ស្ទែម ខណៈដែលឥណ្ឌា ជាប្រទេសមួយកំពុងរីកចម្រើន និងមានជំនាញខ្ពស់លើផ្នែកទាំងនេះ។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញនូវការពេញចិត្ត ចំពោះការបំពេញបេសកកម្មកាទូតនៅកម្ពុជា ក្នុងនោះលោកនឹងខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ទាំងសេដ្ឋកិច្ច និងកាទូត៕