ដោយៈ គ្រញូង / បាត់ដំបងៈ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបផលប៉ះពាល់ ក្នុងពេលមានវិបត្តិជំងឺកូវីដ ១៩ ដោយផ្តោតចំពោះចាស់ជរា គ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ មានកូនច្រើន និងជនពិការ ទីទ័លក្រ ចំនួន៥គ្រួសារ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ និងគ្រួសាររង គ្រោះដោយអគ្គិភ័យ ចំនួន ២ គ្រួសារ រស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកបណ្ឌិត បានបន្តចាត់អោយលោក កង ប៊ន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋ ចំនួន២គ្រួសារ រួមមាន ១,លោកឈួន រីណា អាយុ៣៥ឆ្នាំ ជាបុគ្គលិកអង្គភាពអគ្គិសនីខេត្ត និង២,លោកស្រី ឡាំង សូនី អាយុ៤១ ឆ្នាំ ជាជាងអ៊ុតសក់ ដែលរងគ្រោះដោយអគ្គិភ័យ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ មី ភួយ មុង ក្រមា សារុង អាវយឺត សាប៊ូ ទឹកត្រី ទឹកស៊ីអ៊ីវ ថវិកា និងសម្ភារៈផ្ទះបាយមួយចំនួន។ ដោយឡែក គ្រួសាររងគ្រោះដោយអគ្គិភ័យ បន្ថែមអង្ករចំនួន ៥០គីឡូក្រាម ក្នុងមួយគ្រួសារផងដែរ ៕/V
រូបថតះពលរដ្ឋក្រីក្រ៥គ្រួសារក្នុងនោះ២គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកសង្កែ ទទួល
អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង