Home ព័ត៌មានជាតិ សន្តិសុខ សម្រេច​មិន​ឃុ...

សម្រេច​មិន​ឃុំខ្លួន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់ ហើយ​អនុញ្ញាត​ឲ្យ​ត្រប់​ទៅវិញ​


​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក ឆែម ពេ​ត អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចូល​តុលាការ នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ដើម្បី​បំភ្លឺ​ពី ដំណើររឿង​ឆបោក ពាក់ព័ន្ធ​ការទិញ​លក់​ដី ទំហំ ២ ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ក្រោយ​ការសាកសួរ​រួចហើយ លោក ឌុ​ច សុខ​សារិន អនុប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​មិន​ឃុំខ្លួន និង​អនុញ្ញាត​ឲ្យ​លោក ឆែម ពេ​ត ត្រឡប់​ទៅវិញ តែ​នៅ​បន្ត​ចាត់ការ សំណុំ​រឿងនេះ តាម​នីតិវិធី​ដដែល​។​

​ចំណែក​លោក មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក៍​ត្រូវ​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន នៅ​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខ​នេះដែរ​។ ការចេញ​ដីកា​បង្គាប់​នេះ បានកើត​ឡើង ក្រោយ​ពេលដែល​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ បានសម្រេច​ចោទប្រកាន់ លោក មាស សាវឿន និង លោក ឆែម ពេ​ត ពីបទ «​ឆបោក​» ពាក់ព័ន្ធ​ការទិញ​លក់​ដី ទំហំ ២ ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​យោងតាម​ដីកា​សន្និដ្ឋាន បញ្ជូន​អោយ​ស៊ើបសួរ ដែល​ទើប​ទទួលបាន នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ នេះ គឺ​ជន​ត្រូវ​ចោទ​ទាំង ២ នាក់ លោក មាស សាវឿន និង លោក ឆែម ពេ​ត ត្រូវ​ដាក់អោយ​ស្ថិត ក្រោម​ការចោទប្រកាន់ ពីបទ​ឆបោក ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦ តាម​មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ជុំវិញ​បញ្ហា​នេះ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់​ថាៈ ជា​នីតិវិធី ព្រះរាជអាជ្ញា ត្រូវ​ជូនដំណឹង ស្តីពី​ការ​ការ ចោទប្រកាន់ មកកាន់​ក្រសួងយុត្តិធម៌ ដែលជា​ស្ថាប័ន​សា​ម៉ី ហើយ លោក មាស សាវឿន ត្រូវ​ចូលរួម​នីតិវិធី ដើម្បី​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ ដូច​គេ​ដូច​ឯង ជាធម្មតា ។​

​បើតាម​លោក ជិន ម៉ា​លីន គឺ​ពេលនេះ លោក មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ កំពុង​បំពេញ​មុខងារ និង​តួនាទី ជាធម្មតា ដោយសារ​លោក ត្រឹម​ជា​ជនសង្ស័យ ដោយ​ពុំទាន់​មាន​សាលក្រម​ផ្តន្ទាទោស នៅឡើយ​ទេ ។​

​លោក មាស សាវឿន ដែលជា​អតីត​អភិបាលរង ខេត្តព្រះវិហារ ផង​នោះ ក៏​ធ្លាប់បាន​រង​ការចោទប្រកាន់ ថា​បាន​រំលោភ​យក​ដី ស្របច្បាប់​របស់លោក​ស្រី លឹម វណ្ណា ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ផងដែរ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular