ដោយៈ ភ្នំស្វាយ / កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំ បានប្រជុំបូកសរុប លទ្ទផលការងារ ប្រចាំឆ្នាំ២០២០ ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារគ្រប់គ្រង បម្រើអតីតយុទ្ធជន នៅក្នុងនេះ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត បានមានប្រសាសន៍ថាៈ ដោយការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ពីលោក សុខ លូ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមទាំងសមាគម ស្រុក ក្រុង កងកម្លាំង អាជ្ញាធរដែនដី បានរួមគ្នាសាងសង់ ជម្រកស្នាក់នៅ ជូនដល់អតីតយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ បានចំនួន ១៨២ ខ្នងផ្ទះ ដែលជាអំណោយ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ចំណែកអតីតយុទ្ធជន សរុបមាន ៣.៦៧២ នាក់ , សមាជិកសមាគមអតីតយុទ្ធជន ចំនួន ៣.១០៧ នាក់ ជនពិការ ១.៣៧១ នាក់ និងបានទៅជួបអតីតយុទ្ធជន ដែលជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ ឬមានជំងឺនៅតាមមូលដ្ឋាន និងជួយឧបត្ថម្ភឧបភោគបរិភោគ និងបានជ្រើសរើសគ្រួសារ សាច់ញាតិបង្កើត របស់អតីតយុទ្ធជន ចូលបម្រើកងទ័ព អនុវត្តលិខិតលេខ ១០៥៨/២០១៨ ស.ស .ស ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការជ្រើសរើស យុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌ កងទ័ពជើងគោក ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការ កងឯកភាពខេត្ត បានកោតសរសើរ ចំពោះគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រធានសមាគម បានដឹកនាំការងារអតីតយុទ្ធជន ស្រុក ក្រុង ឃុំ សង្កាត់ ចុះសួរសុខទុក្ខ អតីតយុទ្ធជននៅគ្រប់ទិសទី ក្នុងខេត្តកំពង់ធំ ជាពិសេស សូមកោតសរសើរ កងកម្លាំងសមត្ថកិច្ចទាំង ៣ ប្រភេទ រួមទាំងមន្ទីរជុំវិញខេត្ត និងសប្បុរសជន ដែលបានសហការគ្នា ជួយដល់ប្រជាពលរដ្ឋ ដែលបានទទួល រងគ្រោះ មហន្តរាយ ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងឆ្នាំ២០២០ កន្លងមកនេះ គឺចុះជួយដល់ទីតាំង ប្រជាពលរដ្ឋរងគ្រោះ នាំស្បៀងអាហារ ចែកជូនដល់ លំនៅដ្ឋាន បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយ ដោយមិនបានដឹងឮ ពីអាជ្ញាធរនោះឡើយ ។
លោក នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលប្រទេសកម្ពុជា ទទួលរងការគំរាមកំហែង ពីទឹកជំនន់ទឹកភ្លៀង និងជំងឺរាតត្បាតសកលកូវីដ-១៩ ប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវិតមនុស្ស សហគមន៍ និងសេដ្ឋកិច្ច ហើយនៅកម្ពុជា មិនត្រឹមតែកើតមានជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ គឺឆ្នាំនេះ ឥទ្ធិពលព្យុះតំបន់ បានធ្វើឱ្យភ្លៀងធ្លាក់ជោកជាំ ហើយចាប់ពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២០ មក មានជំនន់ទឹកភ្លៀង “ជំនន់រហ័ស “។ លោកបានស្នើ និងណែនាំអោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីអនុវត្តការងារជំនាញ ទាំង២ខាងលើ អោយបានលទ្ធផល និងមានប្រសិទ្ធភាព ៕/V