ដោយៈ ម៉េងឆៃ/ ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែមករាម្សិលមិញរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិតមួយ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីជំរុញឱ្យពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមមូលដ្ឋាន។
ការរំលឹករបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដូច្នេះ បានធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល មើលឃើញថា ការអនុវត្តវិធានការការពារ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងអាពាហ៍ពិពាហ៍ នៅមានកម្រិតទាបនៅឡើយ ដែលនេះជាហានិភ័យធំធេង អាចបង្កឲ្យមានការចម្លងវីរុសកូវីដ១៩ពីបុគ្គលទៅ បុគ្គល ពីបុគ្គលទៅគ្រួសារ និងពីបុគ្គលចម្លងចូលក្នុងសហគមន៍។
ដើម្បីពង្រឹងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ប្រកបដោយប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរំលឹកឲ្យអភិបាល រាជធានីខេត្ត ត្រូវណែនាំដល់ម្ចាស់កម្មវិធីបុណ្យ ពិធីរៀបការ រួមទាំងកម្មវិធីនានា និងភ្ញៀវចូលរួម ត្រូវអនុវត្តនូវវិធានការសុខាភិបាល ដូចជា ត្រូវបំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជេលលាងដៃនៅគ្រប់ច្រកចូល និងគ្រប់ទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ បន្ទាប់ពីប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងនៅមុនពេលបរិភោគអាហារ។ល។
ក្រៅពីនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំ ឲ្យរៀបចំទីតាំងឈរ ឬអង្គុយ ឲ្យមានគម្លាតយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ជាពិសេសត្រូវរៀបចំតុអាហារ ដោយកំណត់ភ្ញៀវអង្គុយត្រឹម ប្រាំនាក់ ក្នុង មួយតុ ដែលទម្លាប់ពីមុន អង្គុយ ១០នាក់។
ក្នុងនោះដែរ ក៏ត្រូវធ្វើបដិសណ្ឋារកិច្ច ឬការទទួលស្វាគមន៍ភ្ញៀវ តាមទម្លាប់ប្រពៃណីខ្មែរ ដោយការលើកដៃសំពះ ចៀសវាងចាប់ដៃ ឬឱបគ្នា។ ម្ចាស់កម្មវិធី ក៏ត្រូវដាក់សញ្ញាណែនាំការពាក់ម៉ាស់ និងការរក្សាអនាម័យដៃស្អាត នៅគ្រប់ច្រកចូល និងនៅគ្រប់ទីតាំង ដែលអាចមើលឃើញ។
ជាមួយគ្នានោះ អាជ្ញាធរ ត្រូវចាត់កម្លាំងសមត្ថកិច្ច តាមដាន និងណែនាំដល់ម្ចាស់កម្មវិធីផ្សេងៗ និងភ្ញៀវចូលរួមដើម្បីធានាការអនុវត្ត វិធានការសុខាភិបាល ក្នុងពេលរៀបចំកម្មវិធីសង្គមនានា ឲ្យបានម៉ឺងម៉ាត់បំផុត។
ការរម្លឹកណែនាំពីវិធានការនៃការទប់ស្កាត់ការឆ្លងកូវីដ១៩ ពិតជាល្អ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុង សហគមន៍នៅប្រទេសយើង។ ប៉ុន្តែក្នុងរយៈកាលថ្មីៗនេះ និងបន្តដល់ពេលនេះ តើការអនុវត្តជាក់ស្តែង សម្រេចបានដល់កម្រិតណា?
ការចូលរួមពិធីបុណ្យសព មានត្រឹមតែពាក់ម៉ាស់ និងលាងដៃញឹកញាប់នឹងអាល់កុល ឬជែល សម្រាប់អ្នកចូលរួមពិធី។ នៅពេលហែសព គឺដើរប្រជ្រៀតគ្នាដដែល។
យើងងាកទៅមើលពិធីជួបជុំរៀបការវិញ គឺរឹតតែពិបាករកគម្លាតពីគ្នា និងសឹងតែមិនមានអ្នកពាក់ម៉ាសឡើយ។ លាងដៃនឹងអាល់កុល ឬជេល មានធ្វើ។ ប៉ុន្តែការជួបជុំទទួលទានអាហារ ពិសេសសម្រាប់អ្នកធ្វើពិធីនៅផ្ទះ គឺកាន់តែយ៉ាប់ ដោយសារតែទីធ្លាតូច ផ្ទះល្វែងចង្អៀត ក៏ប្រជ្រៀតគ្នា ប្រារព្ធពិធីតាមទំនៀមទម្លាប់ កាត់សក់ ចងដៃ សូត្រមន្ត ជាដើម។
មកដល់ពេលចូលតុ ពិសាភោជនាអាហារទៀត ក៏រឹតតែប្រជ្រៀតគ្នា។ ច្រៀងរាំ និងជល់កែវផឹកស៊ី ហាក់ដូចជាកាន់តែពិបាក ហើយស្ទើរតែទាំងអស់ អ្នកនៅរោងការភ្លេចវិធានការការពារកូវីដទៅហើយ។
ដល់ពេលនេះ ការកំណត់ចំនួនភ្ញៀវ ត្រឹម មួយតុ ប្រាំនាក់ ក៏ជាវិធានការថ្មីមួយ ដែលម្ចាស់ដើមបុណ្យ ប្រធានដើមការ កាន់តែលំបាក។ ម្ហូបការធម្មតា ថ្លៃចាប់ពី ១២០ ទៅ ១៥០ដុល្លារ ក្នុង មួយតុ ដែលតម្រូវឲ្យអង្គុយ ១០នាក់។ ចុះបើកំណត់ត្រឹម ៥នាក់ ១តុ តើត្រូវរំលែកម្ហូបពាក់កណ្តាលដែរ ឬក៏រក្សាម្ហូបដដែល? ហើយអ្នកចូលរួមពិធីការ ត្រូវបន្ថែមចំណងដៃ ដែលពីមុនយ៉ាងតិចត្រឹម ២០ដុល្លារ ទៅដល់ ៣០ ឬ ៥០ដុល្លារ? ។
ការកំណត់នេះ សម្រាប់អ្នកជួលតុការ នៅតាមហាង ត្រូវចំណាយកើនឡើងទ្វេរដង ហើយបើធ្វើនៅផ្ទះ ដែលមានទីធ្លាតូចចង្អៀត ក៏កាន់តែយ៉ាប់។ ដូច្នេះមានអ្នកខ្លះថា តើត្រូវរៀបការ ឬក៏មិនចាំបាច់ការ ហើយដឹកដៃគ្នា ទៅសាលាឃុំសង្កាត់ ចុះអេតាស៊ីវិលតែម្តង?។
ខ្មែរយើងច្រើនតែឲ្យតម្លៃ និងចាត់ទុកជារឿងធំ នៅត្រង់ការជួបជុំស៊ីការ ក្នុងពេលរៀបការ។ ប៉ុន្តែមែនទែនទៅ ផ្លូវច្បាប់ គឺការរៀបការប្តីប្រពន្ធនេះ សំខាន់នៅលើការដឹកដៃគ្នា ទៅចុះអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍ នៅសាលាឃុំសង្កាត់នោះទេ ទើបជារឿងសម្គាល់ថា ពីរនាក់នោះ ជាប្តីប្រពន្ធស្របច្បាប់។
ដូច្នេះក្នុងអំឡុងពេលកូវីដ មិនទាន់បាត់នេះ គួរតែពន្យារពេល ធ្វើពិធីបុណ្យទាន ឬក៏រៀបការសិន។ បើចាំបាច់ត្រូវធ្វើ ក៏ធ្វើក្នុងទ្រង់ទ្រាយតូច ត្រឹមតែមនុស្សជិតស្និទ្ធបំផុត និងក្នុងក្រុមគ្រួសារ បង្គ្រប់កិច្ចទៅបានហើយ។ ការធ្វើដូច្នេះ យើងអាចកាត់បន្ថយចំណាយផង ហើយសំខាន់ គឺយើងបានចូលរួមវិធានការការពារជំងឺកូវីដ១៩។
ចូរកុំភ្លេចថា កន្លងមក កម្ពុជាយើងសំណាងហើយ ដែលមិនមានករណីឆ្លងកូវីដក្នុងសហគមន៍ធ្ងន់ធ្ងរ។ បើមានឆ្លងវិញ គឺវិធានការការពារតាមពិធីជួបជុំ តាមក្រុមគ្រួសារ តាមហាងនានា ជាដើមនោះ គឺច្បាស់ជាឆ្លងតគ្នាជាក់ជាមិនខាន។ នេះជាការពិត ដែលយើងត្រូវទទួលស្គាល់។
ព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា គឺជាកម្សោយលើវិធានការការពារកូវីដ១៩ របស់ប្រជាពលរដ្ឋខ្មែរយើង។យើងមើលតែក្នុង ក្រុមគ្រួសារ នៅក្នុងហាងលក់ទំនិញ Pedro និង Zando គឺជាករណីជាក់ស្តែង ដែលមានឆ្លងកូវីដពីម្នាក់ទៅម្នាក់ ពីឪពុកម្តាយ ទៅកូន ពីបងទៅប្អូន ពីពូទៅក្មួយ និងពីអ្នកធ្វើការជាមួយគ្នា រហូតដល់ ៤១នាក់។
ដូច្នេះនៅពេលនេះ វិធានការរបស់ក្រសួងសុខាភិបាល បានដាក់ចេញជាថ្មីនេះកាន់តែប្រសើរក្នុងកិច្ចការពារការ ឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលនៅកម្ពុជា សព្វថ្ងៃ ហាក់ដូចជាយើងម្នាក់ៗ ភ្លេចកូវីដ។ តែសូមកុំគិតថា កូវីដ ភ្លេចយើងឲ្យសោះ។ ជម្រើសល្អ មានតែបន្តពន្យារពេលជួបជុំ ក្នុងកម្មវិធីនានា ពិសេសបុណ្យ និងរៀបការ។ តែបើថា បន្តពន្យារទៀតមិនបានទេក៏គួរតែធ្វើតូចមានមនុស្សចូលរួមតិចហើយកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់បំផុត៕សរន