ដោយ: ជា សីហៈ / ភ្នំពេញ: បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធជូនរដ្ឋចំនួន ៧ខែជូនទៅក្រសួងសុខា ភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ មន្ត្រីរាជរដ្ឋាភិបាលបានប្រកាសកាត់ប្រាក់បៀវត្សតាមគំរូ របស់សម្តេច។
នៅក្នុងចំណោមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់តាមព័ត៌មានដែលរស្មីកម្ពុជាបានទទួល គឺមាន យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ យ៉ាងហោចបួនរូបដែលបានប្រកាសនៅថ្ងៃទី ២៦ ខែ មករា នេះ ដែលរួមមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, និង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈជាដើម ។
លោក ជា សុផារ៉ា បានប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១។ លោក រដ្ឋមន្ត្រី ថោង ខុន ក៏បានប្រកាសកាត់បៀវត្សរយៈពេល៧ខែ ក្រោយពេលបង់ពន្ធ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ។ ដោយឡែក លោក ព្រុំ សុខា និង លោក ជា វ៉ាន់ដេត គឺប្រកាសកាត់ប្រាក់ខែចំនួន ៦ ខែ ម្នាក់ ក្រោយពេលបង់ពន្ធជូន ក្រសួងសុខាភិបាលផងដែរ ។
តាមការរំពឹងទុក មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងៗទៀត នឹងបន្តចូលរួមកាត់ប្រាក់ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាបន្តបន្ទាប់ទៀត៕