ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានបើកចំកិច្ចប្រជុំអន្ដរក្រសួង បន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ និង១៣ នៃជំពូកទី៣ លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេស អន្ដរក្រសួង រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ។
លោក ប៊ុន ហុន បានថ្លែងថាៈ នៅក្នុងកិច្ចប្រជុំ នាពេលនេះ អង្គប្រជុំអន្ដរក្រសួងទាំងមូល បន្តពិនិត្យ និងពិភាក្សា លើមាត្រា១២ ដោយកាលពីកិច្ចប្រជុំលើទី៥ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ អង្គប្រជុំទាំងមូល បានបញ្ចប់ការពិភាក្សា លើមាត្រា១១ នៃជំពូកទី៣ រួចហើយ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមបច្ចេកទេស អន្ដរក្រសួង ក៏បានជជែក និងពិភាក្សា ពិគ្រោះយោបល់ ដោយលើកយកនូវធាតុចូលសំខាន់ៗ ស្វែងរកការឯកភាពគ្នា ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះ មានភាពល្អប្រសើរ បន្ថែមទៀត។
គួរបញ្ជាក់ថាៈ ៣ ជំពូក ដែលបានពិភាក្សា មានមាត្រាសរុប ១៣ ហើយតាមរយៈកិច្ចប្រជុំពិភាក្សា កន្លងមក លើ ៣ ជំពូកនេះ បានសម្រេច ១១ មាត្រាហើយ នៅសល់ ២ មាត្រាទៀត ត្រូវបានលើកមកជជែក ពិភាក្សា នៅក្នុងកិច្ចប្រជុំ នាថ្ងៃនេះ។
សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជានេះ មានចំនួនសរុប ៩ ជំពូក និងចំនួន ៥០ មាត្រា ដោយមានគោលបំណង គ្រប់គ្រង ជនបរទេស គ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ អំពីវិធាន និងលក្ខខណ្ឌ សម្រាប់អនុវត្ត ចំពោះជនបរទេស ដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ច្បាប់នេះ ត្រូវអនុវត្តចំពោះ ជនបរទេសគ្រប់រូប ដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាន នៃច្បាប់អន្ដរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី ទោះបីជាជននោះ បានចូលមកតាំងលំនៅ មុនពេលដែលច្បាប់នេះ ចូលជាធរមាន ហើយក៏ដោយ៕/V