ដោយ: មុនីរ័ត្ន/ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមាំង នឹងត្រូវធ្វើការណែនាំអប់រំ ធ្វើការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចមិនឲ្យលើសរយៈពេល ៣ថ្ងៃឡើយ។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ស ថេត បានផ្តល់មតិណែនាំល្អៗជាច្រើនដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ ជាមួយនឹងការចុះផ្សព្វផ្សាយ ណែនាំអប់រំឲ្យបានទូលំទូលាយទៅតាមយានដ្ឋានកែច្នៃ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យអណាព្យាបាលធ្វើការណែនាំអប់រំកូនៗឲ្យបានល្អ និងគោរពច្បាប់ ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវតែប្រកាន់ភ្ជាប់នូវកាយវិការ និងពាក្យសម្តីឲ្យបានសមរម្យ ហើយមិនត្រូវអនុវត្តលើសពីការណែនាំឡើយ ។
គួរបញ្ជាក់ថា ការអនុវត្តការណែនាំអប់រំ និងឃាត់ដើម្បីធ្វើការផាកពិន័យ ចំពោះយានយន្តដែលកែច្នៃបង្កសំឡេងរំខាននេះ សមត្ថកិច្ចនឹងធ្វើការសហការជាមួយក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ម៉ាស៊ីនក្នុងការវាស់កម្រិតសំឡេងដែលបង្កដោយយានយន្តគ្រប់ប្រភេទ ៕