Home ព័ត៌មានសំខាន់ៗ យោធា​មី​យ៉ាន់...

យោធា​មី​យ៉ាន់​ម៉ា​បង្កើន​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ ដោយសារ​ជម្លោះ​ក្រោយ​ការបោះឆ្នោត​

​ប្រែ​សម្រួលៈ​វាសនា​/​ណៃពី​ដោ​៖​យោធា​មី​យ៉ាន់​ម៉ា​ដ៏​មាន​ឥទ្ធិពល​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មករា មិន​បាន​បដិសេធ​លទ្ធភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​ទេ នៅ​ពេល​ខ្លួន​បង្កើន​ការទាមទារ​អោយ​មាន​ការ​ស៊ើប​​អង្កេត​លើ​ការចោទប្រកាន់​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំមុន ដែល​គណបក្សកាន់អំណាច​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី ដណ្តើម​បាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​។​

​គណបក្ស​សម្ពន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD)​បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ក្នុង​សម្លេង​លើសលប់​តែ​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់ថា អ្នកបោះឆ្នោត​នៅ​តំបន់​ជម្លោះ​មិន​ត្រូវបាន​ផ្តល់​សិទ្ធិ​​បោះឆ្នោត​ទេ​។​

​ក្រុម​ប្រឆាំង​ដែល​លម្អៀង​ទៅខាង​យោធា​បាន​ជំទាស់​នឹង​លទ្ធផល​ឆ្នោត នៅពេល​យោធា​បាន​ចោទប្រកាន់​ថា​មាន​ភាពមិនប្រក្រតី​ជា​ទូទៅ​ក្នុង​ការបោះឆ្នោត​នេះ ។​យោធា​អះអាងថា​គេ​បាន​រកឃើញ​​ករណី​លួច​បន្លំ​៨,៦​លាន​ករណី​។​

​អ្នកនាំពាក្យ​យោធា​ឧត្តមសេនីយ៍ ហ្សរ មីន ទុន កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​អោយ​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោតជាតិ​ផ្តល់​បញ្ជី​បោះឆ្នោត​ចុង​ក្រោយ​ដើម្បី​ត្រួតពិនិត្យ ជា​ការទាមទារ​​មួយ​ដែល​ពីមុន​មិន​ត្រូវ​បាន​ធ្វើតាម​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​ណៃពី​ដោ​ថា «​បើ​មិន​ដោះស្រាយ​វា​តាម​មធ្យោបាយ​ច្បាប់​ទេ មានន័យថា​វិបត្តិ​នយោបាយ​»​។​

​ឧត្តមសេនីយ៍ហ្សរ មីន ទុន​បាន​បន្ថែមថា ប្រមុខ​យោធា មីន អ៊ុង ហ្លាំង ដែល​ជា​មនុស្ស​មាន​អំណាច​បំផុត​នៅ​មី​យ៉ាន់​ម៉ា ក៏​បាន​ចង្អុល​ទៅកាន់​«​អសុ​ចរិតភាព​និង​ភាពអយុត្តិធម៌​»​ក្នុងអំឡុងពេល​បោះ​​ឆ្នោត​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ​មួយ អ្នកនាំពាក្យ​បាន​បដិសេធ​បញ្ជាក់ តែ​ក៏​មិន​បាន​ច្រានចោល​ដែរ​។​លោក​ហ្សរ មីន ទុន​បាន​ឆ្លើយតប​ថា​«​យើង​មិន​និយាយ​អំពី​យោធា​នឹង​ដណ្តើម​​អំណាច តែ​យើង​ក៏​មិន​បដិសេធ​ថា​វា​នឹង​មិន​កើត​ឡើង​ដែរ​។​អ្វី​ដែល​យើង​ចង់​និយាយ​ពេលនេះ គឺ​ច្បាប់​ដែលមាន រួម​ទាំង​រដ្ឋ​ធម្មនុញ្ញ​»​។​

​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ជា​ការបោះឆ្នោត​តាម​ការ​ប្រកួតប្រជែង​ជា​ចំហ​ជា​លើក​ទី​២​ចាប់តាំងពី​មី​យ៉ាន់​ម៉ា​បោះបង់​ចោល​ការគ្រប់គ្រង​ដោយ​យោធា​អស់​ពេល​ជិត​៥០​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១១​។​តែ​យោធា​​នៅ​រក្សា​តួនាទី​ធំ​នៅក្នុង​នយោបាយ​ប្រទេស ដោយ​តំរូវអោយ​គ្រប់គ្រង​ក្រសួង​សំខាន់ៗ​យោង​តាម​ការចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែងឡើង​ដោយ​របប​យោធា ក្រោម​កិច្ច​ព្រមព្រៀង​ចែក​អំណាច​ជាមួយ​​មេដឹកនាំ​ស៊ីវិល អ៊ុង សាន ស៊ូ​ជី​។​

​លោកស្រី​ស៊ូ​ជី​មិនបាន​ឆ្លើយតប​នឹង​ការចោទប្រកាន់​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​ទេ តែ​អ្នកនាំពាក្យ​របស់​គណបក្ស NLD បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រោម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន រដ្ឋប្រហារ​នឹង​ត្រូវ​បាន​​អនុញ្ញាត​ទេ​៕

​អ្នកនាំពាក្យ​យោធា​ឧត្តមសេនីយ៍ ហ្សរ មីន ទុន អំពាវនាវ​ជា​ថ្មី​អោយ​មាន​ការស៊ើបអង្កេត​ការចោទប្រកាន់​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular