ប្រែសម្រួលៈវាសនា/ឡាអេ៖រដ្ឋមន្ត្រីយុត្តិធម៌ហូឡង់បាននិយាយកាលពីថ្ងៃអង្គារថា ជនដែលត្រូវចាប់ខ្លួនក្នុងអំឡុងកុបកម្ម៣យប់នឹងត្រូវប្រឈមការកាត់ទោសភ្លាមៗនៅពេលប្រទេសជួបចលាចលស៊ីវិលដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោកហ្វឺត ហ្ក្រាភើហូស បាននិយាយថាពួកកុបករនឹងត្រូវនាំទៅតុលាការ ហើយប្រឈមការជាប់គុកបើសិនជាត្រូវបានរកឃើញថាមានទោសកំហុស។
កុបកម្ម បង្កឡើងដោយកំហឹងពីព្រោះតែការបិទខ្ទប់ប្រទេសដ៏តឹងរឹងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ត្រូវបានជួយបញ្ឆេះតាមរយៈការអំពាវនាវអោយចូលរួមនៅតាមបណ្តាញសង្គម ជាហេតុនាំអោយសមាជិកសភាក្រុមប្រឆាំងម្នាក់អំពាវនាវអោយយោធាបញ្ចេញកម្លាំងកំចាត់កុបកម្ម តែរដ្ឋាភិបាលបានបដិសេធ។
លោកហ្វឺត ហ្ក្រាភើហូស បាននិយាយអំពីការដាក់ទោសនេះក្រោយពីកើតមានកុបកម្មអស់៣យប់នៅទីប្រជុំជនទីក្រុងជាច្រើននៅហូឡង់ ដោយបង្កជាការប៉ះទង្គិចធ្ងន់ធ្ងរបំផុត ការវាយបំផ្លាញនិងលួចទំនិញតាមហាងនៅទីក្រុងរ៉ុតធឺដាំ និងទីក្រុង ដេន បូស។
ចលាចលនេះបានចាប់ផ្តើមកាលពីយប់ថ្ងៃសៅរ៍ ដែលជាយប់ដំបូងនៃការអនុវត្តបំរាមគោចរនៅពេលពួកយុវជននៅក្នុងភូមិមួយដុតមជ្ឈមណ្ឌលធ្វើតេស្តិ៍រកវីរុសកូរ៉ូណា។វាបានរាលដាលនិងកាន់តែផ្ទុះខ្លាំងឡើងនៅក្រុងអេនហូវិន និងរដ្ឋធានី អាំស្ទែរដាំ។
សូមបញ្ជាក់ថា អត្រាឆ្លងវីរុសនៅហូឡង់បានថយចុះនៅប៉ុន្មានសប្តាហ៍មកនេះ តែរដ្ឋាភិបាលនៅបន្តបិទខ្ទប់ប្រទេស ដោយហេតុថាអត្រាឆ្លងថយចុះយឺត និងបារម្ភអំពីការផ្ទុះជំងឺនេះជាថ្មី។បច្ចុប្បន្ន ប្រទេសនេះមានអ្នកស្លាប់វីរុសកូរ៉ូណាជាង១៣.៦៥០នាក់ និងជាង៩៥៣.០០០នាក់ឆ្លង៕
រូបភាពកុបកម្មកាលពីយប់ថ្ងៃ២៥មករានៅហូឡង់
មនុស្ស១៨៤នាក់ត្រូវបានចាប់ខ្លួនក្នុងកុបកម្មកាលពីយប់ថ្ងៃចន្ទ