Home ព័ត៌មានសំខាន់ៗ ​ទូត​ជប៉ុន​ប្...

​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ មណ្ឌល​ទីទួល​សុវត្ថិភាព នៅ​វត្ត​ខ្សាច់​ជីរ​ស់​

​ដោយៈ ទេព មង្គល / កំពង់ធំៈ លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មិ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ រួមទាំង​លោក ហង្ស សាមឿន អនុប្រធាន នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោកស្រី គួរ កូ​និ​ន នាយិកា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នៅ​កម្ពុជា អមដំណើរ​ដោយ មន្ត្រី​ជាច្រើនរូប បាន​អញ្ជើញ​ចុះទៅពិនិត្យ ការងារ​សាងសង់ មណ្ឌល​ទីទួល​សុវត្ថិភាព ដែល​ត្រូវបាន​សាងសង់ឡើង ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ ដោយសារ​ទឹកជំនន់ និង​ត្រូវបាន​សាងសង់ឡើង នៅក្នុង​បរិវេណ​វត្ត​ខ្សាច់​ជីរ​ស់ ភូមិ​ខ្សាច់​ជីរ​ស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ។​

​អគារ​មណ្ឌល​ទីទួល​សុវត្ថិភាព ដែល​បាន​សាងសង់ នៅក្នុង​ឃុំ​កំពង់​គោ កំពង់ស្វាយ គឺមាន​ប្រវែង​ទទឹង ២៦ ម៉ែត្រ និង​បណ្តោយ ៣៤ ម៉ែត្រ អាច​ផ្ទុក​មនុស្ស​បាន ចំនួន ១៥០ នាក់ ទៅ ២៥០ នាក់ ដែល​ត្រូវបាន​បំពាក់ ដោយ​បន្ទប់ទឹក ផ្ទះបាយ ឃ្លាំង បណ្តាញ​អគ្គិសនី គម្រោង​នេះ ចាប់ផ្តើម​សាងសង់ ចាប់ពី​ខែតុលា ឆ្នាំ​២០២០ ដែល​គ្រោង​នឹង​បញ្ចប់ នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​លោក​អភិបាល​ខេត្តកំពង់ធំ បានចាត់ទុក​ថាៈ ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​យើងទាំងអស់គ្នា និង​ថ្លែងអំណរគុណ ចំពោះ​លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោកស្រី គួរ កូ​និ​ន នាយិកា កម្មវិធី​ស្បៀងអាហារ​ពិភពលោក នៅ​កម្ពុជា និង​លោក ហង្ស សាមឿន អនុប្រធាន នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជាទី​ប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ដែល​បាន​ជួយ​សាងសង់ អគារ​ទីទួល​សុវត្ថិភាព ដែលជា​ចំណង​ដៃដល់ ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​កំពង់​គោ ខេត្តកំពង់ធំ

​លោក សុខ លូ បានបញ្ជាក់​ថាៈ ការសាងសង់​មណ្ឌល ទីទួល​សុវត្ថិភាព គឺមាន​គោលដៅ​ពីរ​ធំៗ​គឺៈ ១. នៅពេល​មាន​ទឹកជំនន់ យើង​អាច​ជម្លៀស​ប្រជាពលរដ្ឋ មក​រស់នៅក្នុង​មណ្ឌល និង​២. ប្រសិនបើ​មិនមាន​ទឹកជំនន់ កើតឡើង​នោះទេ យើង​អាច​ប្រើប្រាស់ មជ្ឈមណ្ឌល​នេះ ដើម្បី​ផ្តល់​សេវា​សង្គម សេវា​សុខាភិបាល និង​សេវា​ផ្សេងៗ​ទៀត ទៅតាម​អ្វីដែល​អាច​ប្រើប្រាស់​បាន​។​

​ក្នុងឱកាស​នោះ លោក សុខ លូ បានលើកឡើង​ថាៈ ខេត្តកំពង់ធំ មាន​សក្តានុពល​ច្រើន ដោយមាន​តំបន់​វាលទំនាប លាតសន្ធឹង​រហូតដល់​មាត់បឹង​ទន្លេសាប អំណោយផល​យ៉ាងខ្លាំង ដល់​ការដាំដុះ​ស្រូវ និង​ការនេសាទ តំបន់​ខ្ពង់រាប សមប្រកប​បំផុត សម្រាប់​ដំណាំ​ចម្ការ ដូចជា កៅស៊ូ ស្វាយចន្ទី និង​ដំឡូង​មី ជាដើម ហើយ​លោក​ក៏បាន​ស្នើសុំ​ឲ្យ​លោក​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ជួយ​ណែនាំ​វិនិយោគិន​ជប៉ុន ឱ្យមក​ដាក់ទុន​វិនិយោគ នៅក្នុង​ខេត្តកំពង់ធំ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular