Home ព័ត៌មានសំខាន់ៗ ព្រឹក​នេះ​ក្រ...

ព្រឹក​នេះ​ក្រសួងទេសចរណ៍​នឹង​រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​០២ នៅ​សៀមរាប​

​ដោយៈ​សុផល​/​ភ្នំពេញ​: នៅ​ព្រឹក​នេះ​ក្រសួងទេសចរណ៍​នឹង​រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​០២ នៅ​សៀមរាប ក្រោម​អធិបតីភាព​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្ដរ​ក្រសួង​​​​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​ក​.​គ​.​អ​.​អ​.) តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ (​ក​.​គ​.​អ​.​អ​.) និង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន (​ក​.​គ​.​អ​.​អ​.) នៅ​ខេត្តសៀមរាប​។​

​អង្គ​វេទិកា​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ គណៈ​អភិបាល​រាជធានី​-​ខេត្ត ដែលជា​សមាជិក​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ មន្ទីរជំនាញ​ពាក់ព័ន្ធ​ទាំងបី គឺ​ទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សហគមន៍ តំណាង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទូទាំងប្រទេស ផ្នែក​ឯកជន ប្រតិបត្តិ​ករ​ទេសចរណ៍ សមាគម​ក្នុង​វិស័យ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​អង្គ​វេទិកា​ប្រព្រឹត្តទៅ​ដោយមាន​ការរៀបចំ​ជា​កិច្ចពិភាក្សា​បច្ចេកទេស (Panel Discussion) ដោយមាន​ការ​ចូលរួម​ពី​វាគ្មិន​សំខាន់ៗ អញ្ជើញ​មកពី​ស្ថាប័ន​សាធារណៈ ផ្នែក​ឯកជន តំណាង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដៃគូ​ជាតិ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា ដោយ​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ នឹងត្រូវ​បញ្ចូល​ជា​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​លើក​ទី​២ ស្តីពី​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដែល​នឹង​ពិភាក្សា និង​អនុម័ត​នា​ពិធី​បិទ​វេទិកា​។​

​កិច្ចពិភាក្សា​បច្ចេកទេស​នឹង​ផ្តោតលើ​ប្រធានបទ ៣ សំខាន់​គឺ​៖

​ទី​១៖ ការវិវត្តន៍ និង​អនាគត​នៃ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩
​ទី​២៖ ភាពជា​ដៃគូ​បំពេញ​គ្នា​រវាង​ការអភិវឌ្ឍ និង​ការអភិរក្ស ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​
​ទី​៣៖ ការគាំទ្រ​ក្របខណ្ឌ​គោលនយោបាយ​អន្តរ​វិស័យ និង​យន្តការ​ជម្រុញ​ការអភិវឌ្ឍ​សហគមន៍​។​

​ទន្ទឹមនឹងនេះ អង្គ​វេទិកា​ក៏មាន​រៀបចំ​ជា​ពិព័រណ៍​ខ្នាតតូច ស្តីពី​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ដើម្បី​បង្ហាញ ពី​ផលិតផល និង​សមិទ្ធផល​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការងារ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទូទាំងប្រទេស​។​

​ព្រមជាមួយ​អង្គ​វេទិកា​នឹងមាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា (Technical Tour)​ទៅកាន់ តំបន់​សហគមន៍​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្តសៀមរាប ដូចជា​៖​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក​, សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍​,​សហគមន៍​ទេសចរណ៍​ភ្នំ​គូលែន​,​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​,​សហគមន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​,​សហគមន៍​ទេសចរណ៍​បឹង​ឈូក​បន្ទាយស្រី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular