Home ព័ត៌មានជាតិ សន្តិសុខ លោក​ផ្កាយ ២ យ...

លោក​ផ្កាយ ២ យោធា​ម្នាក់ បាន​ត្រូវ​ស្ត្រី​ម្នាក់ ប្ដឹង​ពីបទ ប្រើ​អំពើហិង្សា បង្ខាំង​ទុក​ក្នុង​រថយន្ត គំរាម​បាញ់សម្លាប់

ដោយៈ ស​រិ​ទ្ធ / កំពង់ស្ពឺៈ ស្ត្រី​ម្នាក់ ឈ្មោះ ឌួង ហេ​ម៉ាលី​ស អាយុ​៤១​ឆ្នាំ មុខរបរ ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៧ ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ ពាក់ព័ន្ធ​បទល្មើស ប្រើ​អំពើហិង្សា បង្ខាំង​ទុក​ក្នុង​រថយន្ត គំរាម​បាញ់សម្លាប់ ។​

​នេះ​បើ​យោងតាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ ដែល​គោរព​ជូន​លោកស្រី ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ កន្លងទៅ ។

​ក្នុង​ពាក្យបណ្តឹង បាន​រៀបរាប់ថាៈ កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត ដែល​កំពុង​ជិះ​តែ ២ នាក់ ស្ថិត​លើ​ដងផ្លូវ នៅ​ចំណុច​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល លោក សូ​យ ចាន់​សឿន បាន​វាយដំ​ជនរងគ្រោះ និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម មិនអោយ​ជនរងគ្រោះ ស្រែក និង​គំរាម​បាញ់​ឱ្យ​បាក់ជើង និង​បាញ់​សម្លាប់ចោល តាមផ្លូវ រហូតដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​ជនរងគ្រោះ បាន​រៀបរាប់​ទៀតថាៈ លោក សូ​យ ចាន់​សឿន បាន​បង្ខាំង​ជនរងគ្រោះ ទុក​ក្នុងផ្ទះ​កូនចៅ​របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី ជា​នាយ​ស្តីទី ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ រហូតដល់​ម៉ោង ៧ យប់ ទើប​មាន​សមត្ថកិច្ច​នគរបាល ចុះមក​អន្តរាគមន៍ រំដោះ​ជនរងគ្រោះ ចេញពីផ្ទះ យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។

​ជាមួយគ្នានេះ ជនរងគ្រោះ សំណូមពរ​អោយ​តុលាការ ចាប់ខ្លួន និង​ឃុំខ្លួន លោក​ផ្កាយ ២ សូ​យ ចាន់​សឿន និង​ទាមទារ​ថ្លៃ​សំណង ព្យាបាល​របួស ចំនួន ១ លាន​ដុល្លារ ព្រមទាំង​ជំងឺ​ចិត្ត ចំនួន ១ លាន​ដុល្លារ ។​

​ទោះបីយ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ ពុំទាន់​សុំ​ការបញ្ជាក់ បន្ថែម​ពី​ជនរងគ្រោះ បាន​នៅឡើយ​ទេ ដោយសារ​ជនរងគ្រោះ ប្រាប់ថា កំពុង​ជាប់រវល់ ។ ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន ក៏​ពុំទាន់​សុំ​ការបំភ្លឺ បានដែរ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ ដើម្បី​ទំនាក់ទំនង ៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular