Home ព័ត៌មានសំខាន់ៗ ចាប់​អនុវត្ត​...

ចាប់​អនុវត្ត​គម្រោង​ជួសជុល​បង្កាន់ដៃស្ពាន​ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃទី​២៧ មករា នេះតទៅ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: នៅ​ថ្ងៃ​២៧ មករា​នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ចាប់​ហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់ ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​អំឡុងពេល នៃ​ការជួសជុល​នេះ​។

លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​២៧ មករា​នេះ​ថា ការដ្ឋានជួសជុល​បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​លើ​ស្ពាន គឺ​អនុវត្ត​ម្តង​មួយ​ចំហៀង​នៃ​តួ​ស្ពាន​។ ទំហំ​តួ​ផ្លូវ​ព្រះមុនីវង្ស​​​ចាស់​សរុប​ប្រវែង​ទទឹង ១១ ម៉ែត្រ​។ ការហ៊ុមព័ទ្ធ​ការដ្ឋាន​ដើម្បី​ជួសជុល​អស់​ប្រវែង ៣​ម៉ែត្រ នៃ​ទំហំ​តួ​ផ្លូវ​ប្រវែង ១១​ម៉ែត្រ​។ នៅសល់​ទំហំ​ទទឹង​ប្រវែង ៨​ម៉ែត្រ បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ចរាចរ​បានជា​ធម្មតា​។​

គួរ​បញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២១ នេះ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បានចេញ​សេចក្តីជូនដំណឹង​ស្តីពីការហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់ និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ យោគយល់​អធ្យាស្រ័យ នៅក្នុង​កំឡុងពេល​នៃ​ដំណើរការ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ​ដោយ​ក្តី​អនុគ្រោះ​។​

​ស្ពាន​ព្រះមុនីវង្ស គឺជា​ស្ពាន​មួយ​នៅ​ភ្នំពេញ​ដែលមាន​ចរាចរណ៍​មមាញឹក​។ ស្ពាន​នេះ​ត​ភ្ជាប់​ច្រាំង​ខាងលិច​ដែល​ជា​ចុងបញ្ចប់​នៃ​ផ្លូវជាតិ​លេខ​២ ឆ្លងកាត់​ទន្លេបាសាក់ ទៅកាន់​ច្រាំង​ខាងកើត ដែលមាន​ផ្លូវជាតិ​លេខ​១ជា​ច្រក​ឆ្ពោះទៅ ខេត្ត មួយចំនួន​នៃ​ភាគ​ខាងកើត ប្រទេស​ក៏ដូចជា​ទៅកាន់​ប្រទេស​វៀតណាម ។​

​ស្ពាន​ព្រះមុនីវង្ស​ពីមុន​មាន​ឈ្មោះថា Gustave Eiffel ដែល​ប្រជារាស្ត្រ ខ្មែរ​យើង​សម័យមុន​មានឈ្មោះ ស្ពាន​ជ្រោយ អោក បាន​កសាង​ពី​ឆ្នាំ​១៩២៨ លុះ​មកដល់​ឆ្នាំ​១៩៦៤ មានការ​ទ្រុឌទ្រោម​យ៉ាងខ្លាំង​។ ស្ពាន​នោះ​ត្រូវ​សាងសង់​ជាថ្មី​ឡើងវិញ រួច​ប្រារព្ធ​ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៦៦ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular