ដោយៈ សរិទ្ធ / ភ្នំពេញៈ ស្ត្រីម្នាក់ បានបើករថយន្ត ក្នុងល្បឿនលឿន ហើយបានរេចង្កូត ទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ពេញទំហឹង បណ្តាលឲ្យដាច់ចេញពីគ្នា ធ្វើឲ្យមនុស្ស ៣ នាក់ រងរបួសធ្ងន់ស្រាល។ ចំណែកម្ចាស់រថយន្តបង្ក ព្យាយាមបើករត់ មិនព្រមទទួលខុសត្រូវ តែសមត្ថកិច្ច តាមឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣ និង ៥០នាទី ទៀបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថាៈ មុនពេលកើតហេតុ មានរថយន្តម៉ាក lexus RX330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2-AM 4098 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវ ១៨២ ក្នុងទិសដៅ ពីខាងកើត មកខាងលិច ក្នុងល្បឿនយ៉ាងលឿន។
ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានរេចង្កូត ជ្រុលទៅបុកម៉ូតូរ៉ឺម៉ក សណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 1-AP 4410 ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពី ខាងលិច ទៅខាងកើត ពេញទំហឹង បណ្តាលម្ចាស់ម៉ូតូរ៉ឺម៉ក និងអ្នករួមដំណើរ ២ នាក់ទៀត រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានរថយន្ត សាមុយឯកជនដឹកយកទៅសង្គ្រោះ បន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងប៉ូលិសចរាចរណ៍ ខណ្ឌទួលគោក ចុះមកវាស់វែង យករថយន្តបង្ក ខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕/V-PC