ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមអនុវត្តន៍ គម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូ តួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ ដែលការដ្ឋានមួយនេះ នឹងបង្កឱ្យមានការកកស្ទះចរាចរណ៍ ដែលចៀសមិនផុត ប៉ុន្តែពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខណ្ឌ បានសូមការ យោគយល់អធ្យាស្រ័យ នៅក្នុងកំឡុងពេល នៃដំណើរការ ការដ្ឋានជួសជុល ស្ពានព្រះមុនីវង្សចាស់នេះ ។
រដ្ឋបាលខណ្ឌច្បារអំពៅ បានប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើ ដំណើរ ឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ឱ្យបានជ្រាបថាៈ រដ្ឋបាល រាជធានីភ្នំពេញ ចាប់ផ្ដើមអនុវត្តន៍ គម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូ តួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។ អាស្រ័យដូចបានជម្រាប ជូនដំណឹង ខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាប និងយោគយល់ អធ្យាស្រ័យ នៅក្នុងកំឡុងពេល នៃដំណើរការ ការដ្ឋានជួសជុល ស្ពានព្រះមុនីវង្ស ចាស់នេះ ដោយក្តីអនុគ្រោះ។
សូមបញ្ជាក់ថា ស្ពានព្រះមុនីវង្សចាស់នេះ មានអាយុកាលជាង ៩០ ឆ្នាំហើយៗវាគឺជា ស្ពានមួយ ស្ថិតនៅរាជធានីភ្នំពេញ ដែលមានចរាចរណ៍មមាញឹកបំផុតដោយតភ្ជាប់ទំនាក់ ទំនងគ្នា រវាងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ១ ពីត្រើយខាងលិច ឆ្លងកាត់ទន្លេបាសាក់ ទៅកាន់ត្រើយខាងកើត ហើយក៏ជាច្រក ផ្លូវសេដ្ឋកិច្ច ដ៏សំខាន់មួយ ឆ្ពោះទៅខេត្ត មួយចំនួន នៃភាគខាងកើតប្រទេស ក៏ដូចជា ទៅកាន់ប្រទេសវៀតណាម។ ប្រជាពលរដ្ឋខ្មែរយើង នាសម័យមុន តែងហៅ ស្ពានព្រះមុនីវង្សនេះថា ” ស្ពានជ្រោយឱក ” ។ ស្ពាននេះ បានត្រូវកសាងឡើង ពីឆ្នាំ១៩២៨ ។ លុះមកដល់ឆ្នាំ១៩៦៤ ស្ពាននេះមានការទ្រុឌទ្រោម យ៉ាងខ្លាំង។ ស្ពានព្រះមុនីវង្សនេះ បានត្រូវជួសជុលស្ដារជាថ្មីឡើងវិញហើយបាន ត្រូវប្រារព្ធ ពិធីសម្ពោធ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៦៕/V-PC