ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានហ្វឹកហាត់ ពង្រឹងសមត្ថភាពជំនាញ បញ្ជាចរាចរណ៍ ដល់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក ចំណុះស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។
លោក វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យ ដឹងថាៈ ការប្រមូលផ្តុំ បណ្តុះបណ្តាលពង្រឹងបន្ថែម លើមុខជំនាញមួយនេះក៏ដូចមុខជំនាញ ផ្សេងទៀត លើការងារចរាចរណ៍ផ្លូវគោក គឺជាកត្តាសំខាន់ និងចាំបាច់បំផុតដែលមន្ត្រី នគរបាលចរាចរណ៍ ត្រូវចេះ ហើយអនុវត្តប្រកបដោយ ប្រសិទ្ធភាព ព្រោះថាក្នុងស្ថានភាព បច្ចុប្បន្ននេះ កំណើនយានយន្ត គ្រប់ប្រភេទ មានច្រើន ហើយអ្នកប្រើប្រាស់ផ្លូវ គ្រប់ប្រភេទ ក៏កាន់តែមានកំណើនច្រើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយក្នុងនោះកត់សម្គាល់ឃើញថា មានពេលខ្លះ ការកកស្ទះចរាចរណ៍ នៅក្នុងទីប្រជុំជន ក៏កើតមានញឹកញាប់ផងដែរ ដែលកត្តាទាំងនេះ តម្រូវឱ្យមន្ត្រីនគរបាលចរាចរណ៍ ត្រូវពង្រឹងបន្ថែមលើសមត្ថភាពជំនាញ ដើម្បីដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។
លោកបានបញ្ជាក់ថាៈ ការប្រមូលផ្តុំ បណ្តុះបណ្តាល ហ្វឹកហាត់ ពង្រឹងសមត្ថភាពជំនាញ បញ្ជាចរាចរណ៍ ដល់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនេះ បានធ្វើឡើង តាមមតិដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ជាពិសេសក្រោមការបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារ សណ្តាប់ធ្នាប់សាធារណៈ នៃស្នងការដា្ឋន ។
លោកវរសេន៏យ៍ឯក នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវសុំឲ្យ អ្នកប្រើប្រាល់ផ្លូវទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ គ្រប់ពេលវេលា ៕/V-PC