Home ព័ត៌មានជាតិ សង្គម លោកស្រី​ឧបនាយ...

លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ក្រសួង​កិច្ចការនារី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩-២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​ក្រសួង កិច្ចការនារី នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ភ្នំពេញ​។

​នៅក្នុង​ឱកាស​បិទ​សន្និបាត​នោះដែរ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី មាន​ប្រសា​ស​ន៏​គូសបញ្ជាក់ថា​, ក្រោម​ម្លប់​នៃ​សន្តិ ភាព​និង​ការអភិវឌ្ឍ​ស្ត្រី​កម្ពុជា​ជា​កម្លាំង ចលករ ដែល​បានរួម​ចំណែក​នៃ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​កន្លងមកហើយ​ស្ត្រី មាន​កាលានុវត្តភាព ក្នុងការ​ទទួលបាន​សិទ្ធិ ការអភិវឌ្ឍ ចំណេះ ដឹង និង​ជំនាញ​បច្ចេកទេស ដែលជា​មូលដ្ឋានគ្រឹះ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​សក្តា​នុ ពល​នៅក្នុង​ទីផ្សារ សេដ្ឋកិច្ច ថ្នាក់ជាតិ និង​នៅក្នុង​តំបន់ ហើយក៏​ជា​អ្នកទទួលបាន​ភាគ​ផល​ពី​កិច្ច​អភិវឌ្ឍ លើ​គ្រប់ វិស័យ ដែល​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់គេ និង​គ្រួសារ​មាន​ភាពប្រសើរឡើង បាន​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ និង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ​។​

​ជាមួយគ្នានេះ ក្នុងអំឡុង​ឆ្នាំ​២០២០ នៅក្នុង​វិបត្តិ​ជាស​កល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មាន ការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា កូ​វីដ​-១៩​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន មកលើ​ស្ត្រី​ច្រើនជាង​បុរស ទាំង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​សង្គម​។ ទោះជា​យ៉ាងណា នៅក្នុង​វិបត្តិ​នេះ កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​បានល្អ និង​បាន​កាត់ បន្ថយ​ផល ប៉ះពាល់​ជា​អវិជ្ជមាន​នានា ឱ្យ​ស្ថិតក្នុង រង្វង់​ដែល​អាច​គ្រប់គ្រង​បាន តាមរយៈ​ការដាក់ ចេញ នូវ​វិធានការ​ចាំបាច់ និង​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ខាង​ផ្នែក​សង្គម – សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។​

​លោកស្រី ម៉ែន សំអន បាន មាន​ប្រសា​ស​ន៏​បញ្ជាក់ថា សន្តិភាព​និង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ ការអភិវឌ្ឍ និង​អ្វីៗ​ទាំងអស់​របស់​កម្ពុជា​ឈរលើ​មូលដ្ឋាន សន្តិភាព​ទើប​កម្ពុជា អាច​ងើបឈរ​ឡើងវិញ​ដោយ​ខ្លួនឯង​ហើយ​បាននិងកំពុង​បោះជំហាន ទៅមុខ​លើ​វិថី​អភិវឌ្ឍន៍​។ ទន្ទឹមនឹងនេះ ស្ថានភាព​ស្ត្រី និង​សមភាព​យេនឌ័រ​ក៏មាន ការរីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​កំណើន​សេដ្ឋ កិច្ច​និង​ការអភិវឌ្ឍ​សង្គម​ក៏បាន​រុញច្រាន មនុស្ស​ជាច្រើន ឱ្យ​ចាក ចេញពី​ភាពក្រីក្រ និង​ងាយ​រងគ្រោះ​។​

​លោកស្រី ម៉ែន សំអន​បាន​បញ្ជាក់ថា ដូច​បណ្តា​ប្រទេស​ដទៃ​ដែរ​កម្ពុជា​បានដាក់​ចេញ​នូវ វិធានការ​ជាច្រើន ប្រកបដោយ​ភាពម៉ឺងម៉ាត់​និង​ហ្មត់ចត់ ដើម្បី​ទប់ ស្កាត់​ការរីក​រាលដាល និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​នេះ​។ ជាក់ស្តែង​ទោះបី កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ករណីនេះ​ភាគ ច្រើន​ប្រភេទ​នាំចូល និង​គ្មាន​អ្នកណាម្នាក់​ស្លាប់​នោះឡើយ​។ កម្ពុជា​អាច គ្រប់គ្រង​សភាពការណ៍​បានល្អ​និង​កាត់បន្ថយ ផលប៉ះពាល់​ជា​អវិជ្ជមាន​នានា​ឱ្យ​ស្ថិតក្នុង រង្វង់​ដែល​អាច​គ្រប់គ្រង​បាន តាមរយៈ​វិធានការ​ចាំបាច់​ខាង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ជា​បន្តបន្ទាប់​។

​វិធានការណ៍ របស់​រដ្ឋាភិបាល​កម្ពុ​ជា​ចំពោះ​ជំងឺ​កូ​វីដ​-១៩​កន្លងមកនេះ​ត្រូវបាន​អង្គការ សុខភាព​ពិភពលោក​ទទួលស្គាល់ថា ជា​អភិក្រម​ដ៏​មាន​ប្រសិទ្ធភាព​ទូទាំង​អន្តរក្រសួង -​ស្ថាប័ន និង​សង្គម ជាតិ​ទាំងមូល និង​អម​ជាមួយ​វិធានការ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​។ នៅក្នុង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិបត្តិ​កូ​វីដ​-១៩​កន្លងមក​បាន​ឆ្លើយតប និង​ផ្តល់នូវ​អត្ត​ប្រយោជន៍​ដោយផ្ទាល់​ជាច្រើន​ដល់​ស្ត្រី​និង​ក្រុម​ជន​ងាយ​រងគ្រោះ ពិសេស តាមរយៈ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ការដាក់ចេញ​វិធានការ​អន្តរាគមន៍ ជំនួយ​សង្គម ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ការរៀបចំ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​ជួយ​ស្តារ​លទ្ធភាព និង​លើកកម្ពស់​អាជីវកម្ម សហគ្រាស​ធុន​តូច​និង​មធ្យម​ជាដើម​។

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​យល់ច្បាស់​ថា ការគាំទ្រ និង​ឆ្លើយតប​នឹង​តម្រូវការ​និង​តួនាទី​របស់​ស្ត្រី នៅក្នុង​បរិការណ៍​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជា​កិច្ចការ​អាទិភាព ក្នុង​លក្ខខណ្ឌ​សង្គម​ផង​និង​ជា​សក្តានុពល សម្រាប់ ការវិនិយោគ ដ៏​វៃឆ្លាត​នៅក្នុង​ការស្តារ និង​ព​ន្លឿ​ន​កំណើន សេដ្ឋកិច្ច​-​សង្គម​ក្រោយ វិបត្តិ​ផង ។ នេះ​គឺជា​ពេលវេលា​ដែល​យើង​ត្រូវ​រួមគ្នា ក្នុងការ ស្វែងរក​វិធីសាស្ត្រ​នានា ដោយ​ប្រែក្លាយ​បញ្ហា​ឱ្យទៅជា​កាលានុវត្តភាព​ថ្មីៗ​ក៏ដូចជា​ប្រើប្រាស់​មូលដ្ឋាន​ដែល មាន​ស្រាប់ ដើម្បី​កសាង​ភាព​ធន់ និង​សមត្ថភាព​ឆ្លើយតប​នឹង​វិបត្តិ​នៃ​ជម្ងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការប្រែប្រួល​នានា​ផ្សេងទៀត​ក្នុងសង្គម និង​ការឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម ជំនា​ន់ទី​៤៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular