ដោយៈ ទេព មង្គល / កំពង់ធំៈ លោក ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងលោក ហង្ស សាមឿន អនុប្រធាន នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី គួរ កូនិន នាយិកាកម្មវិធី ស្បៀងអាហារពិភពលោក នៅកម្ពុជា អមដំណើរដោយ មន្ត្រីជាច្រើនរូបបានអញ្ជើញចុះ ទៅពិនិត្យ ការងារសាងសង់ មណ្ឌលទីទួលសុវត្ថិភាព ដែលត្រូវបានសាងសង់ឡើង ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយ ដោយសារទឹកជំនន់ និងត្រូវបានសាងសង់ឡើង នៅក្នុងបរិវេណវត្តខ្សាច់ជីរស់ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។
អគារមណ្ឌលទីទួលសុវត្ថិភាព ដែលបានសាងសង់ នៅក្នុងឃុំកំពង់គោ កំពង់ស្វាយ គឺមានប្រវែងទទឹង ២៦ ម៉ែត្រ និងបណ្តោយ ៣៤ ម៉ែត្រ អាចផ្ទុកមនុស្សបាន ចំនួន ១៥០ នាក់ ទៅ ២៥០ នាក់ ដែលត្រូវបានបំពាក់ ដោយបន្ទប់ទឹក ផ្ទះបាយ ឃ្លាំង បណ្តាញអគ្គិសនី គម្រោងនេះ ចាប់ផ្តើមសាងសង់ ចាប់ពីខែតុលា ឆ្នាំ២០២០ ដែលគ្រោងនឹងបញ្ចប់ នៅខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោកអភិបាលខេត្តកំពង់ធំ បានចាត់ទុកថាៈ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខ របស់យើងទាំងអស់គ្នា និងថ្លែងអំណរគុណ ចំពោះលោក ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា លោកស្រី គួរ កូនិន នាយិកា កម្មវិធីស្បៀងអាហារពិភពលោក នៅកម្ពុជា និងលោក ហង្ស សាមឿន អនុប្រធាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបានជួយសាងសង់ អគារទីទួលសុវត្ថិភាពដែលជាចំណង ដៃដល់ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់គោ ខេត្តកំពង់ធំ ។
លោក សុខ លូ បានបញ្ជាក់ថាៈ ការសាងសង់មណ្ឌល ទីទួលសុវត្ថិភាព គឺមានគោលដៅ ពីរធំៗគឺៈ ១. នៅពេលមានទឹកជំនន់ យើងអាចជម្លៀសប្រជាពលរដ្ឋ មករស់នៅក្នុងមណ្ឌល និង២. ប្រសិនបើមិនមានទឹកជំនន់ កើតឡើងនោះទេ យើងអាចប្រើប្រាស់ មជ្ឈមណ្ឌលនេះ ដើម្បីផ្តល់សេវាសង្គម សេវាសុខាភិបាល និងសេវាផ្សេងៗទៀតទៅតាមអ្វីដែលអាចប្រើ ប្រាស់បាន។
ក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថាៈ ខេត្តកំពង់ធំ មានសក្តានុពលច្រើន ដោយមានតំបន់វាលទំនាប លាតសន្ធឹងរហូតដល់មាត់បឹងទន្លេសាបអំណោយផល យ៉ាងខ្លាំង ដល់ការដាំដុះស្រូវ និងការនេសាទ តំបន់ខ្ពង់រាប សមប្រកបបំផុតសម្រាប់ ដំណាំចម្ការ ដូចជា កៅស៊ូ ស្វាយចន្ទី និងដំឡូងមី ជាដើមហើយលោកក៏បានស្នើសុំ ឲ្យលោកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ជួយណែនាំវិនិយោគិនជប៉ុនឱ្យមកដាក់ ទុនវិនិយោគ នៅក្នុងខេត្តកំពង់ធំ៕/V-PC