Home កីឡា សហព័ន្ធ​កីឡា​...

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ប្រកាស​បិទ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល​កម្រិត “​ក​”

ដោយៈ ជា​សីហៈ​/​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល​កម្រិត “​ក​” កីឡា​វ៉ូ​វី​ណា​ម ប្រចាំឆ្នាំ​២០២០ បានបញ្ចប់​ដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៦​ថ្ងៃ​កន្លងមក​។​

​លោក ស៊ុម សារឿន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​លើកឡើងថា ទោះបីជា​យើង កំពុងស្ថិត​នៅក្នុង​ស្ថានភាព​បរិបទ​ថ្មី​នៃ​ការប្រតិបត្តិ​ការងារ​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​ការរៀបចំ ការបណ្តុះបណ្តាល​ចៅក្រម និង​អាជ្ញាកណ្តាល​កីឡា​វ៉ូ​វី​ណា​ម​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់ តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធាន​របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​ដែល​ធ្វើ​ឲ្យ ការបណ្តុះបណ្តាល​របស់​យើង​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​មាន​សុវត្ថិភាព​។​

​ស្ថិតក្នុង​បរិបទ​និង​គន្លង​ថ្មី​នៃ​ការរៀន​រស់នៅ​ជាមួយនឹង​កូ​វីដ​-១៩​នេះ​សហព័ន្ធ​វី​ណា​ម​កម្ពុជា មិនបាន​ផ្តេកផ្តួល​និង​មានការ​ភ័យខ្លាច​នឹង​ជំងឺ​កូ​វីដ​ដោយ​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​នោះទេ ផ្ទុយ​ទៅ វិញ​សហព័ន្ធ​បាន​បន្ត​យកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ធនធាន​ចៅក្រម និង​អាជ្ញាកណ្តាល នាពេលនេះ ដើម្បី​បង្កើត​ឲ្យ​មាន​វគ្គប​ណ្តុះ បណ្តាល​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​កសាង​ថ្នាល​ចៅក្រម និង​អាជ្ញាកណ្តាល​នៃ កីឡា​វ៉ូ​វី​ណា​ម​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​។​

​លោក​បាន​បន្ថែមថា វគ្គ​បណ្តុះបណ្តាល​ចៅក្រម និង​អាជ្ញាកណ្តាល​កីឡា​វ៉ូ​វី​ណា​ម​នេះ​ផ្តោត សំខាន់​ទៅលើ​ច្បាប់ និង​បែបបទ​នៃ​ការប្រកួត ការដាក់ពិន័យ និង​ការព្រមាន​បច្ចេកទេស នៃ​ការដាក់​ពិន្ទុ​ឲ្យ​កីឡាករ កីឡាការិនី ការអនុវត្ត​ជាក់ស្តែង​លើ​ទីលាន និង​បទបញ្ញត្តិ​ទូទៅ នៃ​កីឡា​។ រីឯ​លទ្ធផល​ការសិក្សា ឯកឧត្តម​សង្កេតឃើញថា​សិក្ខាកាម​នៅមាន​សមត្ថភាព ខ្វះខាត​ច្រើន ដែល​ចាំបាច់​ណាស់​ត្រូវតែ​ពង្រឹង​បន្ថែមទៀត​ក្នុងន័យ​ដើម្បី​ធ្វើ​ឲ្យ​សិក្ខាកាម របស់​យើង​ក្លាយទៅជា​ចៅក្រម និង​អាជ្ញាកណ្តាល ប្រកបដោយ​គុណ​វុ​ឌ្ឍ​និង​ថាមពល​ទាំង ក្នុង​ក្របខ័ណ្ឌ​ការប្រកួត​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ នាពេល​អនាគត​។ ហេតុដូចនេះ សហព័ន្ធ​វី​វី​ណា​ម​កម្ពុជា​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវបំពេញ​នៅក្នុង​ឆ្នាំ​២០២១ នេះ គឺ​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម និង​អាជ្ញាកណ្តាល​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ដើម្បី​ពង្រឹង​និង​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​ធនធាន​រប​ស់​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរ​។ ជាមួយគ្នា​ការខិតខំ​របស់​សហព័ន្ធ​ជំនាញ​មួយ​នេះ​ក៏​តែងតែ​ទទួលបាន​ការជួយឧបត្ថម្ភ ទាំង​ស្មារតី និង​សម្ភារៈ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​រាល់​ដំណើរការ​សកម្មភាព សហព័ន្ធ​វ​វី​ណា​ម​កម្ពុជា ដែល​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង ក្នុងពេល​កន្លងទៅនេះ ក៏​កើតចេញពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ ផងដែរ​។​

​លោក អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បញ្ជាក់ថា​ក្រោម​ការផ្តល់ ថវិការ​គាំទ្រ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ចៅក្រម អាជ្ញាកណ្តាល កម្រិត “​ក​” កីឡា​វ៉ូ​វី​ណា​ម​ប្រចាំឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​២៨​នាក់ ស្ត្រី​៥​នាក់ ដែល​មកពី​បណ្តាល​ខេត្ត​ចំនួន​៩ និង​ក្លិប​នៅ​រា​ធានី​ភ្នំពេញ ចំនួន​៦ និង​២​ក្រសួង​។ តាម​របាយការណ៍​រប​ស់​គ្រូឧទ្ទេស​ពីររូប គឺ​លោក ទេព ជីវ​សុ​ខម និង​លោក កៅ មករា ដែលមាន​រយៈពេល​សិក្សា​ចំនួន​៦​ថ្ងៃ ពេលព្រឹក​រៀន​ទ្រឹស្តី ពេល​រសៀល​អនុវត្ត​ផ្ទាល់​។ ជា​លទ្ធផល​សិក្ខាកាម​ទាំងអស់​ទទួលបាន​និទ្ទេស​ល្អ​៥០% និទ្ទេស​មធ្យម ៣០% និង​និទ្ទេស​ខ្សោយ​២០%៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular