ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ កសិករ ដាំដំឡូវមីបានជាង ១,៧ លានតោន ក្នុង១ឆ្នាំ ពោលគឺបានជែងដាច់ផលិតផលស្រូវ ច្រើនជាង ៣ ដង ឯណោះ ។ លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានអោយដឹងដូច្នេះ ក្នុងពេលលោក និងលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារ អ្នកប្រើប្រាស់កិច្ចការ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត បានទទួលបដិសណ្ឋារកិច្ច កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ចំពោះប្រតិភូជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ។
លោក ប៊ុក ឡាយជី បានបន្តថាៈ សកម្មភាព និងលទ្ធផលការងារសំខាន់ៗ មួយចំនួន រួមមាន ផ្នែកកសិផល សក្ដានុពលបំរើឱ្យវិស័យនាំចេញ ខេត្តបន្ទាយមានជ័យ មានកសិផល ៦ មុខ រួមមានៈ ទី១.ស្រូវផលិតបាន ៥៥៨.៧៩៧ តោន ក្នុងមួយឆ្នាំ។ ទី២. ដំឡូងមី ១.៧៤៧.៤៨៣តោន ក្នុងមួយឆ្នាំ ។ ទី៣. ពោតក្រហម ៦៤.២៨១ តោន ក្នុងមួយឆ្នាំ ។ ទី៤.មៀនប៉ៃលិន ៦.៥៨៨ តោន ក្នុងមួយឆ្នាំ។ ទី៥.ស្វាយចន្ទី ៣.៣៩៥ តោន ក្នុងមួយឆ្នាំ ទី៦.សណ្តែកសៀង។
លោក ប៊ុក ឡាយជី បានបញ្ជាក់បន្ថែមថាៈ ក្នុងអំឡុងឆ្នាំ២០២០ កន្កងទៅនេះមានបញ្ហា ប្រឈម ស្ថានភាពជំងឺកូវីដ ១៩ ដែលតម្រូវឲ្យសកម្មភាពធំៗ មួយចំនួន ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន។ ដោយឡែក ការពង្រឹងសុវត្ថិភាព គុណភាពទំនិញ និងការពារអ្នក ប្រើប្រាស់ មន្ត្រីបានចុះត្រួតពិនិត្យ សុវត្ថិភាព ម្ហូបអាហារនៅតាមបណ្ដាទីផ្សារ និងគេហដ្ឋាន តាំងលក់ បានចំនួន ៥ លើក ជាលទ្ធផល បានដកហូតទំនិញដែលមានភាព មិនប្រក្រតី ទំនិញក្លែងក្លាយ ខូចគុណភាព ផុតកំណត់រយៈពេលប្រើប្រាស់មានសារធាតុ គីមី និងសំណល់ថ្នាំកសិកម្ម ។ល។ មានទម្ងន់សរុបប្រមាណ ៥១០ គីឡូក្រាមយកមកកំទេច ចោល ហើយការបង្ក្រាប ការក្លែងបន្លំ ជាកិច្ចការមួយដ៏មានសារៈសំខាន់ដើម្បីការពារផល ប្រយោជន៍ របស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ចៀសវាងការភាន់ច្រឡំក្នុងការទិញ ផលិតផល ដែលពុំមានគុណភាព យកមកប្រើប្រាស់ដែលអាចធ្វើឲ្យខាតបង់ផល ប្រយោជន៍ សេដ្ឋកិច្ច និង អាចប៉ះពាល់ ដល់សុខភាពទៀតផង៕/V-PC