ប្រែសម្រួល : កញ្ញាដាលីស ៖ ព្រឹទ្ធសភាអាម៉េរិកកាលពីថ្ងៃអង្គារទី២៦មករាបានបញ្ជាក់ទទួលស្គាល់លោក អានថូនី ប្លីនខិន ជារដ្ឋមន្ត្រីការបរទេសដោយមានសមាជិកសំខាន់ៗនៃគណបក្សសាធារណរដ្ឋដែលជាគូប្រជែង បានគាំទ្ររូបលោក។
លោកប្លីនខិន ដែលជាទីប្រឹក្សាយូរអង្វែងរបស់ប្រធានាធិបតី ចូ បៃដិន ដែលប្តេជ្ញាជួសជុលទំនាក់ទំនងសម្ព័ន្ធមិត្តរបស់អាម៉េរិកឡើងវិញនោះ ត្រូវបានអនុម័តដោយសំឡេង ៧៨-២២ ។
ការបញ្ជាក់ទទួលស្គាល់ងាយៗរបស់លោក គឺ ផ្ទុយពីរដ្ឋមន្ត្រីការបរទេសពីររូបរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ គឺលោក ម៉ៃ ផមផេវ និងលោក រិច ធីលល័រសុន ដែលអ្នកទាំងពីរត្រូវបានជំទាស់ដោយសមាជិកគណបក្សប្រជាធិបតេយ្យភាគច្រើន។
ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋដែលគាំទ្រលោកប្លីនខិន រួមមានទាំងសម្ព័ន្ធមិត្តជិតស្និតចំនួនពីររូបរបស់លោកត្រាំទទួលបន្ទុកគោលនយោបាយការបរទេស គឺលោក ម៉ាកូ រូប៊ីអូ ជាអ្នករិះគន់យ៉ាងមុតមាំទៅលើរដ្ឋាភិបាលឆ្វេងនិយមនៅក្នុងប្រទេសគុយបានិងវ៉េណេស៊ុយអេឡា និង លោក លីនសី ហ្គ្រាហាំ ដែលល្បីខាងទស្សនៈនិយមសង្គ្រាមរបស់លោកចំពោះប្រទេសស៊ីរីនិងអ៊ីរ៉ង់៕
លោកអានថូនី ប្លីនខិន ត្រូវបានប្រកាសជារដ្ឋមន្ត្រីការបរទេសអាម៉េរិក