ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ ជាម្ចាស់ដី បាននិយាយថា មន្ត្រីយោធា ម្នាក់ បានកាត់ផ្តាច់ផ្លូវធ្វើដំណើររបស់ពួកគេ ក៏ប៉ុន្តែមន្ត្រីយោធាជាម្ចាស់ក្រុមហ៊ុន អចលនវត្ថុ បាននិយាយថា ជាការកាយដិ ត្រៀមធ្វើស្ពានហើយបានហាមប្រជាពលរដ្ឋ ជាម្ចាស់ដី កុំឱ្យឆ្លងកាត់ការដ្ឋាន។ បញ្ហាចោទ ឆ្លើយ រវាងប្រជាពលរដ្ឋ និងមន្ត្រីយោធា បានកើតមានឡើង នៅលើដីទំនាស់ នៅចំណុចផ្លូវ៣០ ឬចំណុចអូរថៅកែយ៉ក្នុងភូមិថ្ម បាំងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅជាប់ព្រំប្រទល់ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃ បានប្រាប់ រស្មីកម្ពុជា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថាៈ បញ្ហានោះ ត្រូវបានសម្របសម្រួល ដោះស្រាយគ្នា ត្រឹមភូមិ ឃុំ ហើយភាគីទំនាស់ ត្រូវគោរពស្មារតីខ្លឹមសារ ដែលព្រមព្រៀងគ្នា ដូចជា ភាគីពលរដ្ឋម្ចាស់ដី ត្រូវរក្សាកិច្ចសន្យា លក់ដី ក្នុងតម្លៃ ដែលឯកភាពគ្នាហើយ ហើយមិនគេចកែឬយកលេស នេះ លេសនោះ នៅពេលហាងឆេងដីធ្លី ឡើងថ្លៃឡើយ ។
ឯភាគីយោធា ឬម្ចាស់ក្រុមហ៊ុនអចលនវត្ថុ បាននិយាយថា ត្រូវទូទាត់សាច់ប្រាក់នៅជំពាក់ ទៅមក ចាក់ដីឱ្យទាន់ពេល ដូចសន្យា ហើយមិនត្រូវទៅធ្វើ សកម្មភាពអ្វីដែលនាំអោយ ខូចខាត ផលប្រយោជន៍ភាគីម្ចាស់ដីឡើយ (ដូចកាយផ្តាច់ផ្លូវ)។
សូមរំលឹកថា បាតុភាពកាលពីថ្ងៃទី២៣ ដល់ ២៥ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋ ជាច្រើន បានតវ៉ា ទាមទារនឹងលោក ឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ហៅ (តុល) មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលជាមេបញ្ជការរង ទិសតំបន់ទី១ ខេត្តបន្ទាយ មានជ័យ ដែលបានបញ្ជាឲ្យលោក ព្រហ្ម សាម៉ូម មេបញ្ជការរង ផ្នែកសឹករងស្រុកអូររជ្រៅ នាំយកគ្រឿងចក្រ ទៅកាយផ្តាច់ផ្លូវ មិនឲ្យប្រជាពលរដ្ឋ ធ្វើដំណើរចូល ទៅដឹកកសិផល នៅចម្ការ។
ប្រជាពលរដ្ឋ បានឲ្យដឹងថាៈ លោកវរសេនីយ៍ ព្រហ្ម សាម៉ូម ហៅ ម៉ូម បានយកគ្រឿងចក្រ ទៅកាយផ្តាច់ផ្លូវ នៅចំណុចខាងលើ នៅវេលាម៉ោង ៩ យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ប្រជាពលរដ្ឋ បានរាយការណ៍ និងប្តឹងទៅមេភូមិថ្មបាំង ឃុំបឹងបេង ប៉ុន្តែលោកមេភូមិ មិនហ៊ាននឹងអំណាចមន្ត្រីយោធា នោះឡើយ។ ឃើញដូច្នោះពលរដ្ឋបានស្នើដល់អាជ្ញាធរ ឃុំ ស្រុក និងខេត្តបន្ទាយមានជ័យ ឱ្យជួយរកដំណោះស្រាយ ជូនពួកគាត់។
ប្រភពព័ត៌មានមួយ បានបង្ហើបថាៈ មូលហេតុនាំអោយមានការ កាយផ្តាច់ផ្លូវនោះ មកពីក្មួយលោក ព្រហ្ម សាម៉ូម ខឹងប្រជាពលរដ្ឋ មុនរឿងពលរដ្ឋលក់ដី ហើយ ចង់គេចកែ ហេតុនេះ ក៏មានការសងសឹក ដូច្នេះទៅ ។
ប្រភពដដែល បានបន្តថាៈ លោក ព្រហ្ម សាម៉ូម ជាមន្ត្រីយោធាមែន តែជាក់ស្តែង លោកអ្នករកស៊ីទិញ-លក់ គួកជេរដី ដ៏ល្បីឈ្មោះ ។ តែករណីនេះ ដោយសារ ទៅទិញដី ប្រជាពលរដ្ឋ និងធ្វើកិច្ចសន្យា កក់លុយ ជាមួយប្រជាពលរដ្ឋហើយ បែរជាមិនឲ្យលុយ។ ហេតុនេះ ទើបប្រជាពលរដ្ឋ ខឹង ហើយនាំគ្នាឈប់លក់វិញ និងបន្ទាប់មក ក៏ធ្វើឲ្យលោក ព្រហ្ម សាម៉ូម ខឹងវិញម្តង ហើយក៏រាលដាល ទៅកាយកាត់ផ្តាច់ផ្លូវអោយស្ទះខានធ្វើ ដំណើរបាន។
ប្រជាពលរដ្ឋ បានបន្តថាៈ ជាប្រវត្តិកន្លងមក លោកព្រហ្ម សាម៉ូម តែងទិញ និងលក់ដី ជួនកាលទិញខ្យល់ (ទិញ តែអត់លុយ) និងលក់ដីខ្យល់ (អត៉ដី) និងក៏មានលក់ដីតំបន់ ជម្រកសត្វព្រៃ រនាមដូនសំ របស់រដ្ឋ ឬលួចយកដីគេ លក់ ឬយកដីដែលទិញមិន ទាន់ឱ្យលុយគ្រប់ ទៅលក់ឱ្យអ្នកទី៣ ហើយបង្កជាមាន ការប្តឹងផ្តល់ទៅគណៈកម្មការ ដោះស្រាយ ទំនាស់ដីធ្លីស្រុក/ខេត្ត និងទៅតុលាការផង ។
ទាក់ទិនការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ប៉ាងណាគ្រី របស់លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនជឿន ហៅ តុល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានច្រានចោលនូវការ ចោទប្រកាន់ថា ក្រុមហ៊ុន បានកាយផ្តាច់ផ្លូវ មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ ធ្វើដំណើរ និងដឹកកសិផល នៅចំណុចអូរថៅកែយ៉ ក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ព្រហ្ម សាម៉ូម ជាតំណាងម្នាក់ នៃក្រុមហ៊ុន ប៉ាងណាគ្រី បានឲ្យដឹងថាៈ លោក និងក្រុមហ៊ុន មិនបានកាត់ផ្តាច់ផ្លូវនោះទេ ។ តែក្រុមហ៊ុននេះ ទៅវិញទេដែលបានស្ថាបនា ផ្លូវ តភ្ចាប់ពីផ្លូវជាតិលេខ៥៩ ត្រង់ឃុំទួលពង្រ ស្រុកម៉ាឡៃ ទៅកាន់ផ្លូវជាតិលេខ៥៧ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានប្រវែង ២៣ គីឡូម៉ែត្រ ទទឹង ៣០ ម៉ែត្រដោយត្រូវ ធ្វើផ្លូវចាក់បេតុង ហើយគម្រោងនេះ បានបើកការដ្ឋាន ជាយូរមកហើយ។ បើសិនថ្ងៃ ណាមួយ ស្ថាបនារួចនោះ នឹងប្រគល់ជូនរដ្ឋ សំរាប់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ហើយមិន មែនប្រើប្រាស់ តែក្រុមហ៊ុននោះទេ ។
ចំពោះចំណុចដែលមានភស្តុតាង ក្រឡៅឃើញថា មានការកាយផ្តាច់ផ្លូវ មែននោះ ត្រូវលោក ព្រហ្ម សាម៉ូម បង្វែរការបកស្រាយថាៈ ករណីដែលប្រជាពលរដ្ឋបានចោទ ប្រកាន់ និងធ្វើការតវ៉ានោះ វាជាចំណុចអូរ ដែលត្រូវសាងសង់ស្ពានទេ។ ហេតុនេះ ត្រូវកាត់កាយផ្តាច់ផ្លូវ ជាបណ្តោះអាសន្នសិន ហើយក្រុមហ៊ុន កំពុងសាងសង់រោងចក្រ បន្ថែម។ ហេតុនេះ ដើម្បីបង្ការការពារ កុំឱ្យមានគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋ ធ្វើដំណើរ ខណៈពេលដែលគ្រឿងចក្រក្រុមហ៊ុន កំពុងតែអភិវឌ្ឍន៍ ស្ថាបនាផ្លូវ និងសំណង់អគារ ផ្សេងៗនោះ ក្រុមហ៊ុនសុំកាយកាត់ផ្តាច់សិន កុំអោយមានការឆ្លងកាត់ការដ្ឋាន៕/V-PC