Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​បញ្ជា​ឱ...

ឥណ្ឌា​បញ្ជា​ឱ្យ​បន្ថែម​កងកម្លាំង​ការពារ​ក្រុង​ដេលី ក្រោយ​កសិករ​សម្រុកចូល​បន្ទាយ​ក្រហម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សេចក្តីរាយការណ៍​នានា​លើកឡើងថា រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជា​ឱ្យ​ដាក់​កង​អាវុធហត្ថ​២.០០០​នាក់​ការពារ​ទីក្រុង​ញូវដែលី​បន្ទាប់​ពី​កសិករ​រាប់សិប​ពាន់​នាក់​បាន​​ប្រយុទ្ធ​តាម​ដងផ្លូវ​ជាមួយ​ប៉ូលិស​និង​លុកលុយ​ចូល​បន្ទាយ​ក្រហម​ប្រវត្តិសាស្ត្រ ខណៈ​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​កសិកម្ម​។​

​ក្បួន​ត្រាក់ទ័រ​បាន​បំបែក​របាំង​ការពារ​ជា​ច្រើន​នៅ​ជុំវិញ​ជាយក្រុង​ដេលី​ដើម្បី​ទៅ​ដល់​កណ្តាល​ក្រុង​កន្លែង​ដែល​ពួកគេ​បាន​ជម្នះ​នឹង​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ការ​វាយ​នឹង​ដំបង​ដើម្បី​ចូល​កាន់កាប់​ទី​​តាំង​នោះ​ឱ្យបាន​។​

​កសិករ​ម្នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុង​អ្វី​ដែល​ប៉ូលិស​និយាយថា​ជា​ឧបទ្ទវហេតុ បន្ទាប់​ពី​ត្រាក់ទ័រ​របស់គាត់​ក្រឡាប់​ថយ​ក្រោយ​បុក​រនាំង​បាំង​ផ្លូវ​។ សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​និយាយ​ថា​យ៉ាងហោចណាស់​​មាន​ប៉ូលិស​ចំនួន ៨៦ នាក់​រងរបួស​។​

​នៅឯ​បន្ទាយ​ក្រហម​ចំណាស់ ៤០០ ឆ្នាំ កសិករ​បាន​យក​ឈ្នះ​លើ​ប៉ូលិស​និង​ដាក់​រូប​សញ្ញា​របស់​ពួកគេ​នៅលើ​ដង​ទង់ជាតិ កន្លែង​ដែល​នាយក​រដ្ឋមន្ត្រី​តែង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ខែ​សីហា​។​

​ពួក​កសិករ​បាន​កាន់​កាប់​កំផែង​បន្ទាយ​រហូតដល់​ពួកគេ​ត្រូវ​បាន​បណ្តេញចេញ​អស់​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​។​

​នៅ​ជុំវិញ​ទីក្រុង កង​សន្តិសុខ​បាន​ប្រយុទ្ធ​ជាមួយ​បាតុករ​ដែល​ព្យាយាម​កាន់កាប់​ដងផ្លូវ​នានា​។ ប៉ុន្តែ​ក្រុម​កសិករ​ក៏​វាយ​ប៉ូលិស​វិញ​ជាមួយ​ដែក​និង​រំពាត់ ហើយ​លួច​រថយន្តក្រុង ដែល​យក​មក​បាំង​ផ្លូវ​។

​នៅពេល​យប់ អាជ្ញាធរ​បាន​កាត់ផ្តាច់​បណ្តាញទូរស័ព្ទ​និង​អ៊ី​ន​ធឺ​ណេត​នៅ​តំបន់​ជាយក្រុង​ដេលី កន្លែង​ដែល​កសិករ​បោះជំរំ​។ ប៉ូលិស​និយាយថា ពួកគេ​ចាប់ផ្តើម​ដាក់​ពាក្យបណ្តឹង​លើ​កសិករ​ពីបទ “​ធ្វើ​កុបកម្ម​” និង “​វាយ​ដុំ​ដោយ​ប្រើ​អាវុធ​ប្រល័យ​”៕

​កសិករ​សម្រុកចូល​ក្រុង​ដេលី​កាន់កាប់​បន្ទាយ​ក្រហម​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular