Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រធាន​សម្ព័ន...

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ប្រកាស​ប្រមូល​ស្នាម​មេដៃ​កម្មករ ប្តឹង​អតីត​មេដឹកនាំ អតីត​បក្សប្រឆាំង ទៅ​តុលាការ​

ដោយៈ មុនី​រ័ត្ន/ភ្នំពេញ​: លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ថ្កោលទោស ចំពោះ​ទង្វើ​របស់​ក្រុមប្រឆាំង ដែល​បាន​យក​ការងារ កម្មករ​ខ្មែរ រាប់សែន​នាក់ មក​ធ្វើជា ឈ្នាន់​នយោបាយ ហើយ​បានធ្វើ​ឲ្យ​កម្មករ បាត់បង់​ឱកាស ទទួលបាន​ការងារ​ធ្វើ កាន់តែ​ច្រើនឡើងៗ ដោយសារតែ​បញ្ហា អ៊ី​ប៊ី​អេ (EBA) ដែល​ក្រុមប្រឆាំង​ស្នើសុំ ឲ្យ​សហគមន៍​អឺរ៉ុប​ផ្តាច់​។ ជាមួយនឹង​ការ​ថ្កោលទោស ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ក៏បាន​ប្រកាស​ប្រមូល ស្នាម​មេដៃ​កម្មករ កម្មការិនី ដើម្បី​ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ថែម​ទៀតផង​។​

​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា នេះ​ថាៈ ជាច្រើនលើក​ច្រើនសារ ដែល​ក្រុម​អតីត​មេដឹកនាំ និង​អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​យក​បញ្ហា EBA និង​តែងតែ​ធ្វើបាតុកម្ម​នៅក្រៅ ប្រទេស ដូចជា ប្រទេស​កាណាដា អាមេរិក និង​នៅ​តំបន់​អឺរ៉ុប មួយចំនួន​ដែល​ទាមទារ​ឲ្យ សហគមន៍​អឺរ៉ុប ផ្តាច់ EBA ពី​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្មករ កម្មការិនី ព្រួយបារម្ភ ពី​ការ​រ​បាត់បង់ ការងារ​ធ្វើ ហើយ​កាលពី​ឆ្នាំ កន្លងទៅនេះ សហគមន៍​អឺរ៉ុប បាន​ផ្តាច់ EBA ២០ ភាគរយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​វិស័យ​ឧស្សាហកម្ម កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ធ្វើ​ឲ្យ​កម្មករ កម្មការិនី បាត់បង់​ការងារ​ធ្វើ ហើយ​ការបញ្ជាទិញ​បាន​ធ្លាក់ ចុះ​យ៉ាងខ្លាំង​។​

​លោក​បាន​បន្តថាៈ កាលពីពេល​ថ្មីៗ នេះ​ទៀត ក្រុមប្រឆាំង បានលើកឡើង​ទាក់ទង​បញ្ហា EBA យកមក​សើរើ សាជាថ្មី​ម្តងទៀត ហើយ​បើសិនជា នៅតែ​ប្រព្រឹត្ត នូវ​ទង្វើ បែបនេះ ទៀត ក្នុងនាម​លោក ជា​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​សហជីព​ជាតិ និង​កម្មករ កម្មការិនី នៅ​កម្ពុជា គ្រោង​ន​នឹងដាក់​ពាក្យបណ្តឹង ប្តឹងទៅ​តុលាការ ពីបទ​ញុះញង់​ឲ្យ​បរទេស​ផ្តាច់ជំនួយ ផ្តាច់​ការងារ​កម្មករ កម្មការិនី ដែល​កំពុងតែ​អាស្រ័យ​ផល នៅលើ​វិស័យ​ឧស្សាហកម្ម កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានបញ្ជាក់​ថាៈ លោក​នឹង​ប្រមូល​ស្នាម​មេដៃ កម្មករ កម្មការិនី និង​មេដឹកនាំ សហជីព​កម្ពុជា មួយចំនួន ដែល​ស្ម័គ្រចិត្ត ដើម្បី​ដាក់ពាក្យ​បណ្តឹង ប្តឹង​ក្រុម​អតីត​មេដឹកនាំ និង​អតីត​សកម្មជន គណបក្សប្រឆាំង ទៅ​តុលាការ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular