ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្ត ព្រះសីហនុ បានថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយ កាលពីពេល កន្លងទៅ ថ្មីៗនេះថាៈ មកដល់ពេលនេះ ខេត្តព្រះសីហនុ មានរោងចក្រអគ្គិសនី ដំណើរការដោយធ្យូងថ្ម ចំនួន ៤ រោងចក្រ ដែលមាន អនុភាពផលិតអគ្គិសនី បាន ២៣៥ មេហ្គាវ៉ាត់ និង ៣៧៧ មេហ្គាវ៉ាត់ ។
លោក ឃាង ភារម្យ បានបញ្ជាក់យ៉ាងដូច្នេះថាៈ ” នៅខេត្តព្រះសីហនុ មានរោងចក្រអគ្គិសនី ដំណើរការដោយធ្យូងថ្ម ចំនួន ២ ក្រុមហ៊ុន ស្មើនឹង ៤ រោងចក្រ គឺ ក្រុមហ៊ុន CELI+II (ក្រុមហ៊ុនខេមបូឌាន អេនើជី លីមីតធីត) ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវផលិត ថាមពលបាន ២៣៥ មេហ្គាវ៉ាត់ និងក្រុមហ៊ុន CIIDG I+II (អេ ឡិចត្រូនិក ផៅវើ ខូអិលធីឌី) ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ផលិតថាមពល បាន ៣៧៧ មេហ្គាវ៉ាត់។
សូមបញ្ជាក់ថា រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម របស់ក្រុមហ៊ុនម៉ាឡេស៊ី Cambodian Energy II Co Ltd (CEL2) បានសាងសង់ កាលពីឆ្នាំ២០១៧ ក្នុងទំហំ ទឹកប្រាក់វិនិយោគ ចំនួន ៦០០ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្រុមហ៊ុននេះ បានជ្រើសរើសក្រុមហ៊ុន Toshiba Plant Systems & Services Corporation (TPSC) ជាអ្នកដំឡើង និងសាងសង់ ឧបករណ៍ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន General Electric (GE) ។
បើតាមលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថាៈ រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម មួយនេះ បានប្រើប្រាស់ម៉ាស៊ីន របស់ក្រុមហ៊ុន General Electric (GE) ដែលមានទីស្នាក់ការ នៅសហរដ្ឋអាមេរិក និងដំឡើងដោយក្រុមហ៊ុន Toshiba របស់ជប៉ុន ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល បានបញ្ជាក់ កាលពីថ្មីៗនេះថាៈ រហូតមកទល់ពេលនេះ កម្ពុជា បានចុះកិច្ចព្រមព្រៀង អភិវឌ្ឍន៍ប្រភពអគ្គិសនី ចំនួន ១១ រួចហើយ ដោយមិនបានរាប់បញ្ចូល ស្ថានីយអគ្គិសនី ដើរដោយប្រេងខ្មៅ ដែលមានស្រាប់ នោះទេ ហើយប្រភពអគ្គិសនី ដែលចុះកិច្ចព្រមព្រៀង រួចហើយនេះ មួយចំនួនបានដាក់ឲ្យ ដំណើរការ រួចហើយ និងមួយចំនួនទៀត កំពុងតែស្ថិតក្នុងដំណាក់ការសាងសង់ ៕/V-PC