ប្រែសម្រួល : កញ្ញាដាលីស ៖ លោក គ្រីស វ៉ាយឌ័រ គ្រូបង្វឹករបស់ក្រុមដាវធំ Sheffield United បានអះអាងថា ក្រុមកំពុងត្រដាបត្រដួសរបស់លោកលែងខ្វល់រឿងចាញ់ទៀតហើយ នៅពេលពួកគេជួបជាមួយក្រុមបិសាចក្រហម Manchester United នៅយប់ថ្ងៃពុធនេះ។
ក្លិបទាំងពីរកំពុងមានជោគវាសនាផ្ទុយគ្នានៅចុងតារាង Premier League ទាំងសងខាង។
ក្រុមដាវធំបានរសាត់ដល់បាតតារាងដោយឈ្នះក្នុងលីកតែម្តងគត់នៅរដូវកាលនេះ ខណៈក្រុមបិសាចក្រហមបានលេងមុខក្លាយជាក្រុមប្រជែងដណ្តើមជើងឯកក្រោយប្រកួតមិនដែលចាញ់ ១៣ លើកជាប់គ្នា។
លោកវ៉ាយឌ័រនិយាយថា “វាជាការប្រកួតប្រជែងដ៏ធំសម្រាប់យើងនិងកីឡាករ ប៉ុន្តែយើងលែងមានអ្វីត្រូវខាតបង់ទៀតឡើយ។ យើងមិនរំពឹងទទួលបានអ្វីទេ ដូច្នេះទៅទីនោះ លេងឱ្យណាណីទៅ!”។
លោកបន្តថា “ហាងឆេងនិងមតិយោបល់ទាំងអស់នឹងយកខាង Manchester United ។ យើងមិនអាចធ្វើអ្វីបានទេចំពោះរឿងនេះ។ ប្រសិនបើខ្ញុំអព្យាក្រឹត ខ្ញុំរំពឹងថាវាជារាត្រីឈ្នះងាយៗសម្រាប់ Man Utd ។ យើងត្រូវតែធ្វើឱ្យពិបាកសម្រាប់ពួកគេតាមដែលអាចធ្វើទៅបាន”៕
លោក គ្រីស វ៉ាយឌ័រ ប្រាប់ឱ្យកូនក្រុមលេងតាមការគួរ ព្រោះបរាជ័យក្លាយជារឿងធម្មតាទៅហើយសម្រាប់ក្រុមដាវធំ