Home ព័ត៌មានជាតិ សង្គម បើក​សិក្ខាសាល...

បើក​សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​ការអនុវត្ត​គោលនយោបាយ​ជាតិ និង​ប្រព័ន្ធ​កិច្ចការពារ​កុមារ

ដោយ​: គូលែន / សៀមរាប​: ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​របស់​រដ្ឋបាល​ក្រុង​សៀមរាប មាន​រៀបចំ​បើក​សិក្ខាសាលា ស្តីពី​ការលើកកម្ពស់​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ដោយមាន​ការចូលរួម​ពី​លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និង​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ខេត្តសៀមរាប​។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត បាន​ជម្រាបជូន​ពី​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ថ្នាក់​ខេត្ត ដែលជា​យន្តការ​តែមួយគត់​ក្នុងការ​សម្របសម្រួល ពិនិត្យ តាមដាន វាយតម្លៃ និង​លើក​ជា​អនុសាសន៍​នានា សំដៅ​ធានា​សុខមាលភាព​កុមារ​ឱ្យ​កាន់តែ​ប្រសើរឡើង ហើយ​សិក្ខាសាលា​នាពេលនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ ក្នុង​ដំណើរការ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅក្នុង​ខេត្តសៀមរាប​ក៏ដូចជា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ក៏​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា អស់លោក លោកស្រី​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​អង្គសិក្ខាសាលា​នេះ ពិតជា​ចូលរួម​ក្នុងការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ការលំបាក ចំណុច​ខ្វះខាត និង​ចែករំលែក​បទពិសោធន៍​ល្អៗ ដែល​អាច​ប្រមូលផ្តុំ និង​ពង្រឹង​កិច្ចសហការ​អនុវត្ត​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ថែមទៀត ជាក់​ជាមិនខាន​។

​លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​មានប្រសាសន៍ថា គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ បានកំណត់​នូវ​សសរស្តម្ភ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៣ ដោយ​ផ្តោតទៅលើ ការបង្ការ ទប់ស្កាត់ ការអន្តរាគមន៍ និង​ការផ្តល់សេវា​ឆ្លើយតប​។ ជាមួយគ្នានេះដែរ គោលនយោបាយ​នេះ បានកំណត់​នូវ​សកម្មភាព​ជាក់លាក់​សម្រាប់​ក្រសួង​ស្ថាប័ន ដែល​បំពេញការងារ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ ដើម្បី​ធានា​ដល់​ការអនុវត្ត​គោលនយោបាយ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​។

​លោកស្រី​បាន​បន្តថា សិក្ខាសាលា​នាពេលនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី លើកកម្ពស់​ការយល់ដឹង និង​ការប្រើប្រាស់​បទដ្ឋាន​គតិ​យុត្ត​ជាតិ និង​អន្តរជាតិ​ដែលមាន​ស្រាប់ សំដៅ​ការពារ​កុមារ​ពី​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ ដើម្បី​សិក្សា​លើ​ភាពខ្វះ​ចន្លោះ​នៃ​ច្បាប់ និង​ការអនុវត្ត បញ្ហា​ប្រឈម ដែល​រាំងស្ទះ​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ កំណត់​រក​ដំណោះស្រាយ​ជា​យុទ្ធសាស្ត្រ និង​ឱកាស​នៃ​កិច្ចសហការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការឆ្លើយតប និង​អន្តរាគមន៍​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular