ដោយ: ប.ខុន / ភ្នំពេញ: តម្លៃត្រីអណ្តែង, ត្រីឆ្តោ និងត្រីពោ បានឡើងថ្លៃពី១.០០០-២.០០០រៀល បើធៀបទៅនឹងពេលមុន បន្ទាប់ពីក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផលផលិតផលជលផលនាំចូល នាំចេញនិងឆ្លងកាត់គ្មានការអនុញ្ញាតឱ្យ ថយចុះបានប្រមាណជាពី៣០ទៅ៤០ភាគរយរួចមក។
លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាសហប្រធានក្រុមការងារទប់ស្កាត់ និង បង្ក្រាបការ ដឹកជញ្ជូនផលផលិតផលជលផលនាំចូលនាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាតបានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១ថា ប្រភេទត្រីដែលបានឱ្យផ្អាកនាំចូលជាបណ្តោះ អាសន្នត្រូវបានក្រុមការងារចុះធ្វើការទប់ស្កាត់ជាប់បានប្រមាណជាពី៣០ទៅ៤០ ភាគរយហើយនិងកំពុងខិតខំធ្វើការថែមទៀត ដើម្បីឈានទៅធ្វើការទប់ស្កាត់ ឱ្យ បានទាំងស្រុង។
លោកសហប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផលផលិតផលជលផលនាំចូលនាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត បានបញ្ជាក់ថា ពីមុនគេដឹកជញ្ជូនចេញចូលតាមអំពើចិត្ត តែពេលនេះមិនអាចធ្វើបានទៀតទេ ព្រោះក្រុមការងារមានបណ្តាញគ្រប់រាជធានីខេត្តក្នុងទប់ស្កាត់។ ទោះជាយ៉ាងណា ក៏នៅតែមានការដឹកជញ្ជូនចូលមកបានតាមរយៈរូបភាពផ្សេងៗ ដូចជាការអនុញ្ញាត ឱ្យដឹកជញ្ជូនតាមរថយន្តតែគេបែរជាដឹកតាមទូក និងខុសប្រភេទត្រីទៅចែកចាយ ខុសគោលដៅទៀតផង។ការទប់ស្កាត់ការនាំចូលប្រភេទត្រីមួយចំនួននេះ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករចិញ្ចឹមបាននៅក្នុងស្រុក។
រំលឹកឱ្យដឹងថា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារទប់ស្កាត់និងបង្ក្រាបការ ដឹកជញ្ជូន ផល ផលិតផ ល ជលផលនាំចូលនាំចេញនិងឆ្លងកាត់គ្មានការអនុញ្ញាតដោយ មាន លោកណៅ ធួក រដ្ឋលេខាធិការនិងលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់និងនេសាទធ្វើជាសហប្រធាន។
នៅក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកវេង សាខុនរដ្ឋ មន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅត្រង់ប្រការ១ឃើញមានសមាសភាព រដ្ឋលេខាធិការពីររូបធ្វើជាសហប្រធាន , អនុរដ្ឋលេខាធិការម្នាក់និងអគារធិការនៃ អគារ ធិការដ្ឋាន ជាអនុប្រធាន ហើយនឹង៨រូបផ្សេងទៀត។
ក្នុងប្រការ២នៃសេចក្តីសម្រេចលេខ០១៣សសរ.កសកនេះ បានសរសេរ ដូច្នេះថា ក្រុមការងារមានភារកិច្ចដូចជាចុះប្រតិបត្តិការទប់ស្កាត់ និង បង្ក្រាបការ ដឹក ជញ្ជូនផល ផលិតផលជលផលនាំ ចូល នាំចេញនិងឆ្លងកាត់គ្មានការអនុញ្ញាត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ស្រាវ ជ្រាវរកជនល្មើស និង អ្នកពាក់ព័ន្ធ ដើម្បី រៀ ប ចំកសាងសំណុំរឿងបទល្មើសជលផលតាមនិតិវិធី,ចាត់វិធានការតាមនិតិវិធី នៃ ច្បាប់ស្តីពីជលផលនិងបទដ្ឋានកតិ យុត្តពាក់ព័ន្ធ , សហការជាមួយសមត្ថកិច្ច និង រដ្ឋរាជធានីខេត្តពាក់ព័ន្ធដើម្បី ប្រសិទ្ធ ភាពការងារ , ជម្រុញពង្រឹងការងារនិង ដឹក នាំកម្លាំងសមត្ថកិច្ចជលផលនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីខេត្ត លើការងារដឹកជញ្ជូនផល ផលិត ផលជលផលនាំចូល នាំចេញ និង ឆ្លងកាត់ គ្មាន ការអនុញ្ញាត , បូកសរុបរបាយ ការណ៍លទ្ធផលជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ និង ទទួលភារ កិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីក្រសួងសិកម្ម រុក្ខា ប្រមាញ់និងនេសាទប្រគល់ជូន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចេញសេចក្តីសម្រេចបង្កើតក្រុម ការងារខាងលើ បន្ទាប់ពីបានចេញសេចក្តី ប្រកាសព័ត៍មានកាលថ្ងៃទី ៨ខែមករា ឆ្នាំ២០២១ មានស្តីពីការផ្អាកនាំចូល ជាបណ្តោះអាសន្ននូវប្រភេទត្រីមួយចំនួន ដែលវារីវប្បករក្នុងស្រុកផលិតបាន ដោយសារការទប់ស្កាត់គ្មានប្រសិទ្ធភាពរួចមក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១ បានប្រកាសព័ត៌មានថាអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់គរុសិស្សគរុនិស្សិតបញ្ចប់ ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី១៤ខែ កក្កដាឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ វារីវប្បករ នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ត្រីទឹកសាបបាទី ខេត្តព្រៃវែងដែល សម្តេច តេជោបានណែនាំហើយណែនាំទៀតឱ្យប្រើប្រាស់ឱកាសមាស ក្នុងការដាំដុះ ចិញ្ចឹមត្រីនិងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល និងផ្អែកតាមសំណូមពររបស់សមាគមនវារីវប្បករនៅកម្ពុជាផង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាន ធ្វើការពិនិត្យនិងពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ននូវ ការនាំចូលផលិតផលជលផល ដែលវារីវប្បករក្នុងស្រុកអាចផលិតបានដូចជាត្រីប្រា ត្រីពោ ត្រីអណ្តែងនិងត្រីឆ្តោជាដើម ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ទីផ្សារ ផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន រួមចំណែកក្នុងការផលិតក្នុងស្រុកឱ្យ បាន ខ្លាំង ក្លានិងឈានទៅរកការនាំចេញពេលខាងមុខ។
ក្នុងសេចក្តីប្រកាសព័ត៍មានសរសេរទៀតថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ សង្កេតឃើញថាមានក្រុម អាជីវករនាំចេញនាំចូលផលផលិតផលជលផលមួយចំនួនមានការមិនពេញចិត្ត ចំពោះចំណាត់ការនៃការផ្អាក ជា បណ្តោះអាសន្ននូវការនាំចូលផលិតផលជលផល ដែលអាចផលិតបាននៅក្នុង ស្រុកនាពេលកន្លងមក។ ដូចនេះដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកថ្ងៃទី ៨ ខែមករាឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានរៀបចំកិច្ចប្រជុំ ពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមមានសមាគមនវារីករនៅកម្ពុជានិង តំណាងអាជី វ ករនាំចេញនាំចូលផលផលិតផលជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធាន ការបន្ទាន់មួយចំនួនដូចខាងក្រោម៖
– សមាគមនវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់នូវពត៍មានដែលទាក់ ទងទៅ នឹង ប្រភេទបរិមាណផលផលិតផលវារីវប្បកម្មដែលត្រូវដល់ពេលប្រមូលផលនៅ តាមខែនីមួយៗដល់អាជីវករប្រមូលទិញនាំចេញនាំចូលផលផលិតផលជលផលដើម្បីចុះប្រមូលទិញផលផលិតផល ជលផល ដែលផលិតបាននៅក្នុង ស្រុកទាំង នោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
– តំណាងអាជីវករនាំចេញ នាំចូលផលផលិតផលជលផល បានយល់ព្រម ផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែងនិងត្រីឆ្តោ ព្រមទាំងប្រភេទត្រីមួយចំនួនទៀត ដែលអាចចញ្ចឹម បានក្នុងស្រុកតាមការជូនដំណឹងរបស់សមាគមនវារីវប្បករនៅកម្ពុជា។
– តំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផល បានឯកភាព ក្នុង ការបង្កើតនូវសមាគមន និង បណ្តុំអ្នកប្រមូលទិញផលផលិតផលជលផល នៅ តាមតំបន់ដើម្បីប្រមូលទិញផលផលិតផលជលផល ដែលផលិតបាន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានសរសេរទៀតថា ចំពោះការនាំចូលឆ្លងកាត់ផលផលិតផលជលផល តំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផលធានាថា នឹងមានការចុះបញ្ជីទទួលស្គាល់នៅដើមទី និងចុងទីពីមន្ត្រីជលផលមានសមត្ថកិច្ច និងធានាថា មិនមានទម្លាក់ចែកចាយផលផលិតផលជលផល ឆ្លងកាត់នេះចូលទៅក្នុងទីផ្សារក្នុងស្រុកឡើយ។
មន្ត្រីរដ្ឋបាលជលផលមួយរូបបាននិយាយឱ្យដឹងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១ថា ត្រីដែលបានហាមឃាត់មិនឱ្យនាំចូលនៅតែមានមកដល់រាជធានីភ្នំពេញ ដោយដឹកជញ្ជូនតាមរឺម៉ក និងតាមម៉ូតូ តែមិនឃើញមានការដឹកជញ្ជូនតាមរថ យន្តធំៗចូលដល់យឿដូចមុនទេ។ ចាប់តាំងពីមានយុទ្ធនាការទប់ការនាំចូលត្រីខុសច្បាប់រួចមក តម្លៃត្រីនៅលើទីផ្សារបានឡើងថ្លៃ ដូចជាត្រីអណ្តែង១គីឡូក្រាម ឡើងថ្លៃជាងមុន២.០០០រៀល, ត្រីពោនិងត្រីឆ្តោ ១.០០០រៀល។
ប្រភេទត្រីដែលត្រូវបានហាមឃាត់ការនាំចូលបណ្តោះអាសន្ន កាលពីមុន នេះមានត្រីប្រា, ត្រីពោ,ត្រីអណ្តែងនិងត្រីឆ្តោ ពេលនេះត្រូវបានហាមឃាត់ការនាំ ចូលត្រីរ៉ស់មួយមុខទៀត ដែលជាប្រភេទត្រីប្រជាកសិករចិញ្ចឹមបានក្នុងស្រុក៕សរន