ដោយ: សរិទ្ធ / ភ្នំពេញ: បុសម្នាក់ដែលធានារត់ការចូលសញ្ជាតិខ្មែរឲ្យថៅកែចិន៣នាក់ ហើយស៊ីដាច់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល។
តាមអង្គហេតុនៃដើមចម ដែលបណ្ដាលឲ្យមានការចាប់ខ្លួនឈ្មោះ ស៊ិន ដាវុធ គឺកាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនដាក់ពាក្យសុំចូលសញ្ជាតិខ្មែរឲ្យថៅកែចិន៣នាក់ គឺឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារ មកឲ្យខ្លួន ដើម្បីរត់ការដាក់ពាក្យសុំចូលសញ្ជាតិ ដោយសន្យាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបបានលទ្ធផល។ បន្ទាប់មកលោក Chan kam fung Jane បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ .ក .អ មានលុយសុរបចំនួន៧៦ម៉ឺនដុល្លារឲ្យមកឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើការនេះ។
លុះដល់ថ្ងៃកំណត់មកដល់មិ នឃើញមានការកោះហៅ ដើម្បីស្បថប្រកាសចូលសញ្ជាតិសោះឡើយ ហើយឈ្មោះ ស៊ិន ដាវុធ បានគេចខ្លួនបាត់រហូតមក។ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក Chan kam fung Jane បានតាមរកឃើញឈ្មោះ ស៊ិន ដាវុធ ពេលនោះជនសង្ស័យ បានសារភាពថា ខ្លួនមិនបានយកប្រាក់នោះទៅរយត់ការចូលសញ្ជាតិទេ គឺយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយសន្យាថា នឹងសងប្រាក់វិញទាំងអស់ តែរហូតមកដល់ថ្ងៃនេះ មិនឃើញសងប្រាក់វិញសោះ ទើបលោក Chan kam fung Jane ដាក់ពាក្យប្ដឹងតែម្ដង៕សរន