ដោយ: ប.ខុន / ភ្នំពេញ: ក្រសួងធនធានទឹកនិង ឧតុនិយម ចាត់ក្រុមការងារចុះពិនិត្យ សិក្សា លើក គម្រោងទំនប់អាងទឹកអូរបែកតាប់ ស្ថិតនៅក្នុងឃុំស្រែណូយ និងឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប សម្រាប់ដាក់បញ្ចូលក្នុងផែនការឆ្នាំ២០២២។ តំបន់ខាងលើនេះ សព្វថ្ងៃត្រូវបានគេនិយាយថាជួបការលំបាកបញ្ហាទឹកប្រើប្រាស់ខ្លាំងបំផុត។
លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម កាលថ្ងៃទី២៦ខែមករាឆ្នាំ២០២១ ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ខេត្តសៀមរាបចុះពិនិត្យ សិក្សាលើកគម្រោងទំនប់អាងទឹកអូរបែកតាប់ សម្រាប់ដាក់បញ្ចូលទៅក្នុងផែនការឆ្នាំ២០២២ ខាងមុខ មានទីតាំងស្ថិតនៅក្នុងឃុំស្រែណូយ និងឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
តាមការចុះសិក្សានិងការផ្តល់ព័ត៌មានពីអាជ្ញាធរ មូលដ្ឋាននិងប្រជាពលរដ្ឋ នៅក្នុងតំបន់បង្ហាញថាទំនប់អាងទឹកខាងលើក្រោយពេលជួសជុលនិងសាង សង់ រួចអាចស្រោចស្រពលើផ្ទៃដីស្រែ និងដំណាំបានរាប់ពាន់ហិកតាពិសេស សម្រាប់ ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សសត្វ ព្រោះតំបន់នោះ នៅរដូវប្រាំងគ្មានទឹកប្រើប្រាស់ទេ សូម្បីតែជីកអណ្តូងក៏គ្មានទឹកចេញដែរ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១ថា អូរបែកតាប់ជាអូរមានផ្ទៃរងទឹកភ្លៀងធំនៅជួរភ្នំដងរែក អាចសង់សង់អាងស្តុកទឹកបានដល់ រាប់រយលានម៉ែត្រគូប កន្លងទៅភាគីបារាំងធ្លាប់បានចុះធ្វើការសិក្សារួចម្តងហើយ តែដោយសារតំបន់ខាងលើមានពាក់ព័ន្ធជាមួយនឹងបងប្អូនជនជាតិគេក៏បានដក ថយទៅវិញ។
អ្នកនាំពាក្យខាងលើនិយាយឱ្យដឹងទៀតថា នៅតាមប្រព័ន្ធអូរបែកតាប់នេះ អាចសាងសង់អាងទឹកធន ល្មមបានសម្រាប់ស្តុកទឹកទុកបង្កបង្កើនផល និងជាពិសេស គឺទឹកសម្រាប់ប្រើប្រាស់សម្រាប់ទីប្រជុំជនស្រុកវ៉ារិន ខេត្តសៀមរាប ដែលកន្លងទៅក៏ដូចជានៅពេលនេះ តំបន់នេះជួបការលំបាកខ្លាំងបញ្ហាទឹកប្រើប្រាស់នៅរដូវប្រាំង។ តម្លៃទឹកដែលគេបានដឹកលក់នៅតំបន់ខាងលើក្នុងមួយម៉ែត្រគូប ជិតមួយម៉ឺនរៀល៕