ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃកាលពីថ្ងៃពុធទី២៧មករាបានរាយការណ៍ ថាមនុស្សម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ និងឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៨១៩នាក់ ក្នុងនេះ៨០៨នាក់ឆ្លងនៅក្នុងស្រុកនិងមានតែ១១នាក់ទេដែលនាំចូលមកពីក្រៅប្រទេស។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃបាននិយាយថា អ្នកជំងឺកូវីដ១៩បាត់បង់ជីវិតចុងក្រោយ ជាបុរសថៃអាយុ៥៦ឆ្នាំ ដែលពីមុនធ្លាប់កើតជំងឺដាច់សសៃឈាមក្នុងខួរក្បាលនិងឈឺនៅតែលើគ្រែ។
ក្នុងចំណោមការឆ្លងថ្មីមាន៧៩២ករណីនៅក្នុងខេត្តសាមុត សាខន និង៦នាក់នៅក្រុងបាងកក។
ថៃកាលពីថ្ងៃអង្គារ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ៩៥៩នាក់ ភាគច្រើនបំផុតក៏នៅខេត្តសាមុត សាខនដែលប្រមូលផ្តុំដោយកម្មករចំណាកស្រុកមីយ៉ាន់ម៉ា។
សរុបតួលេខចុងក្រោយនេះ ធ្វើអោយថៃមានមនុស្សឆ្លងសរុបកើនដល់ ១៥.៤៦៥នាក់ ក្នុងនេះ ៤.៣៣៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅទូទាំងពិភពលោក កូវីដ១៩បានបង្កើនអ្នកឆ្លង៥២៨.២៨៥នាក់នៅ២៤ម៉ោងកន្លងទៅ រហូតដល់ចំនួន១០០,៨២លាននាក់ និងការស្លាប់កើនដល់២,១៧លាននាក់ ៕
ពាក់ព័ន្ធនឹងកូវីដ១៩នេះដែរ អាជ្ញាធរថៃបាននិយាយថា ថៃអាចបាត់បង់ការងារធ្វើប្រមាណ១លាននាក់ទៀតនៅត្រីមាសទី១នៃឆ្នាំនេះ ដោយសារការឆ្លងវីរុសនៅរលកថ្មីនៅពេលគេត្រូវការវិធានការជួយសង្គ្រោះបន្ទាន់ដើម្បីទ្រទ្រង់វិស័យដែលកំពុងតស៊ូយ៉ាងត្រដាបត្រដួសនេះ។
ក្រុមប្រឹក្សាទេសចរណ៍ថៃ កាលពីថ្ងៃអង្គារបានស្នើសុំរដ្ឋាភិបាកជួយចេញចំណាយលើប្រាក់ខែ៥០ភាគរយដើម្បីរក្សាកម្មករនិយោជិតក្នុងវិស័យនេះ កាត់បន្ថយថ្លៃទឹកភ្លើង ឥណទានការប្រាក់ទាបនិងមិនទារបំណុល់រយៈពេល២ឆ្នាំ ។
ប្រធានក្រុមប្រឹក្សានេះបាននិយាយថាគំរោងជួយចេញចំណាយនេះអាចជួយមនុស្ស៨សែននាក់អោយរក្សាការងាររបស់គេ បន្ទាប់ពីមនុស្សជាង១លាននាក់ហើយនៅក្នុងវិស័យទេសចរណ៍នេះបានបាត់បង់ការងារធ្វើ ហើយអាចនឹងកើនដល់២លាននៅត្រីមាសទី១ឆ្នាំ២០២១នេះ ដោយសារការឆ្លងរាលដាលវីរុសថ្មីទៀត៕
ទេសចរណ៍ថៃរងគ្រោះខ្លាំងដោយកូវីដ១៩ ហើយអ្នកបំរើការក្នុងវិស័យនេះប្រមាណ១លាននាក់នឹងបាត់បង់ការងារបន្ថែមទៀតនៅត្រីមាសទី១ឆ្នាំនេះដោយសារការឆ្លងវីរុសក្នុងសហគមន៍ជាថ្មី