Home ព័ត៌មានអន្តរជាតិ លោកបៃ​ដិន​បង្...

លោកបៃ​ដិន​បង្ហាញ​ជំហរ​តឹងតែង​ចំពោះ​រុស្ស៊ី ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​លើកដំបូង​ជាមួយ​លោក​ពូ​ទីន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតីចូបៃ​ដិន​បានបង្ហាញ​ជំហរ​តឹងតែង​ជាង​មុន​របស់​សហរដ្ឋ​អាម៉េរិក​លើ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មករា​នៅក្នុង​ការហៅ​ទូរស័ព្ទ​លើកដំបូង​ជាមួយ​ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ ពូ​ទីន ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​សិទ្ធិមនុស្ស និង “​ការឈ្លានពាន​” អ៊ុ​យក្រែន ប៉ុន្តែ​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​។​

​ការសន្ទនា​តាម​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​សេត​វិមាន​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​លើ​ការ​បន្ត​កិច្ច​ព្រមព្រៀង START ថ្មី​ដែល​រឹតត្បិត​មហាអំណាច​ទាំងពីរ​ក្នុងការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​អតិបរមា​ម្នាក់ៗ​ត្រឹម ១.៥៥០ គ្រាប់ ហើយ​នឹង​ផុត​សុពលភាព​នៅ​ថ្ងៃទី ៥ ខែ​កុម្ភៈ​។ កិច្ចព្រមព្រៀង​នេះ​ឥឡូវ​ទំនងជា​នឹង​សម្រេច​បាន​ឆាប់ៗ​ខាងមុខ​។​

​ប៉ុន្តែ​រដ្ឋមន្ត្រី​សារព័ត៌មាន​របស់​សេត​វិមាន​លោកស្រី ជេ​ន ភី​សា​គី និយាយថា លោកបៃ​ដិ​នក៏បាន​លើកឡើង​នូវ​ការព្រួយបារម្ភ​ជា​ច្រើន​ផង​ដែរ​ទាក់ទង​នឹង​ការប្រព្រឹត្ត​របស់​អាជ្ញាធ​រ​រុស្ស៊ី​ទៅលើ​សមាជិក​ក្រុមប្រឆាំង ដែល​រួមមាន​ទាំង​ការបំពុល​លោក អាឡេ​ស៊ី ណា​វ៉ា​នី​។​

​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ប៊ិះ​ស្លាប់​កាលពី​ឆ្នាំមុន​ដោយសារ​ការបំពុល ដែល​គាត់​និយាយ​ថា​អនុវត្ត​ដោយ​ទីភ្នាក់ងារ​សន្តិសុខ ជា​អ្វី​ដែល​លោកពូ​ទីន​បដិសេធ​។ បច្ចុប្បន្ន លោក​ណា​វ៉ា​នី​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទីក្រុង​មូ​ស្គូ ហើយ​កាលពី​ចុង​សប្តាហ៍​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដែល​ធ្វើ​បាតុកម្ម​ដើម្បី​គាំទ្រ​ដល់​រូប​លោក​នៅ​ទូទាំង​ប្រទេស​។​

​ដោយ​បង្ហាញ​ថា​មូ​ស្គូ​និង​វ៉ាស៊ីនតោន​នៅតែ​អាច​ធ្វើ​សហប្រតិបត្តិការ​គ្នា​អំពី​បញ្ហា​នុយក្លេអ៊ែ​រ សេត​វិមាន​បានឱ្យដឹងថា លោកបៃ​ដិ​ន​និង​លោក​ពូ​ទីនបាន​ឯកភាពគ្នា “​ធ្វើការ​ជា​បន្ទាន់​” ដើម្បី​បង្ហើយ​ការចរចា​ស្តី​ពី​ការបន្ត ៥ ឆ្នាំ​ទៀត​សម្រាប់​សន្ធិសញ្ញា START ថ្មី មុន​ពេល​វា​ផុតកំណត់​។​

​វិមាន​ក្រឹម​ឡាំង​និយាយថា ក្នុងការ​តេ​ទូរស័ព្ទរ​បស់​មេដឹកនាំ​ទាំងពីរ លោកពូ​ទីន​និង​លោកបៃ​ដិនបាន​សម្តែង​ការពេ​ញ​ចិត្ត​ចំពោះ​កិច្ចចរចា ហើយ​ក្រោយមក មេដឹកនាំ​រុស្ស៊ី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​មួយ​ទៅ​សភា​ស្តីពី​ការ​បន្ត​កិច្ច​ព្រមព្រៀង ៥ ឆ្នាំ​ទៀត​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន មន្ត្រី​ក្រសួងការបរទេស​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា ភាគី​ទាំងពីរ​បាន “​ឈាន​ដល់​កិច្ចព្រមព្រៀង​…​ដើម្បី​ឆាប់​បង្ហើយ​ឱ្យ​រួចរាល់​នូវ​កិច្ចព្រមព្រៀង​នេះ​នៅ​ត្រឹម​ថ្ងៃទី ៥ ខែ​កុម្ភៈ​”៕

​លោកបៃ​ដិន​លើកឡើង​អំពី​ការបារ​ម្ភជា​ច្រើន​ជាមួយ​លោក​ពូ​ទីន​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular