ដោយៈបញ្ញាសាស្ត្រ/ ភ្នំពេញៈ ក្រោមជំនួយហិរញ្ញវត្ថុ របស់ទីភ្នាក់ងារជំនួយអាមេរិក( USAID) ក្រុមហ៊ុនដំណាប់ផ្លែឈើ មិសុតាបាន ចាប់ដៃគូពាណិជ្ជកម្មដើម្បីអនុវត្តផែនការ គម្រោង និងពង្រីកទីផ្សារអោយកាន់តែទូលំទូលាយ ជាពិសេសការនាំចេញដំណាប់ផ្លែឈើ របស់ខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ។
លោក តាន់ មីលស្សែល នាយកប្រតិបត្តិ ក្រុមហ៊ុន មិសុតា បានអោយដឹងថា ក្រោមគម្រោង ហាវេសធូ (Harvest II)ដែលគាំទ្រដោយ យូសេដ បានជួយក្រុមហ៊ុន មីសូតា ចាប់តាំងពី ឆ្នាំ២០១៨ ក្នុងកិច្ចដើម្បីអភិវឌ្ឍន៍ជនបទ ហើយតាមគម្រោងជំនួយបច្ចេកទេសនេះ បាននាំឲ្យមានការលើកស្ទួយសកម្មភាពការកែច្នែផលិតផលកសិកម្មក្នុងស្រុក និងការ បង្កើតការងារដល់ពលរដ្ឋខ្មែរ។
លោក បានបន្តថា សម្រាប់គម្រោងមួយទៀតគឺជួយពាក់ព័ន្ធនិងកសិករ ដែលបានធ្វើការ ដាំដុះ ទៅតាមគោលការណ៍ លក្ខណ្ឌរបស់ក្រុមហ៊ុន ដូចជា ស្វាយ ម្នាស់ ក្រូច និងមួយ ទៀតជួយមួយផ្នែកយ៉ាងធំ ក្នុងការជួយរកទីផ្សារក្នុងស្រុក និងជម្រុញទៅរកទីផ្សារអន្តរជាតិ ជួយជម្រុញដៃគូក្នុងស្រុក ដូចជាក្រុមហ៊ុន ផលិតផ្លែស្វាយ និង គ្រាប់ស្វាយចន្ទីជាដើម។
លោក ផាទ្រិក ម័ហ្វី (Patrick Murply) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែង ក្នុងដំណើរទស្សនិកិច្ច ទៅកាន់ខេត្តបាត់ដំបងកាលពីពេលកន្លងទៅថ្មីៗនេះថា «យើងធ្វើ ការជាមួយនឹងដៃគូជាច្រើន ក្នុងប្រទេសកម្ពុជា ក្នុងការដែលជួយអោយប្រទេសកម្ពុជា មានវិបុលភាព និងមានចីរភាព នេះជាអ្វីដែលស្ថានទូតអាមេរិកកំពុងធ្វើការដែលបានផ្តោត ទៅលើប្រធានបទក្នុងឆ្នាំ២០២១នេះ ដើម្បីជួយអោយប្រទេសកម្ពុជាកាន់តែមានភាព រុងរឿង និងមានចីរភាពបន្ថែមទៀត»។
លោកបន្ថែមថា ដូចដែលយើងបានឃើញស្រាប់ហើយ ដំណើរទស្សនកិច្ចរបស់យើង នាពេលនោះគឺ បានទៅជួបជាមួយនឹងក្រុមហ៊ុនផលិតដំណាប់ផ្លែឈើ ម្នាស់ ស្វាយ នៅក្នុងនេះ យើងមើលឃើញថា កសិករនៅក្នុងប្រទេសកម្ពុជាមានការលំបាក នៅក្នុងការស្វែងរកទីផ្សារនាំចេញ ដូច្នេះហើយនេះជា ឱកាសរបស់សហរដ្ឋអាមេរិក នៅក្នុងការជួយជំរុញ នូវការនាំចេញនូវផលិតផលទាំងនោះ ទៅកាន់ទីផ្សារក្រៅប្រទេស។
សូមជម្រាបថា មីសូតា បាននាំចេញនូវដំណាប់ផ្លែឈើ ដែលបានប្រមូលទិញពីកសិករ នៅក្នុងខេត្តបាត់ដំបងនិងខេត្តពោធិសាត់ មានដូចជា ស្វាយ ក្រូច ម្នាស់ ៕/PC