ដោយៈ បាយ័ន / សៀមរាបៈ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មន្ទីរព័ត៌មានខេត្ត សៀមរាប បានរៀបចំខួប ១០ ឆ្នាំ នៃការបង្កើតវិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និងខួប ៤ ឆ្នាំ ក្នុងការបង្កើតទូរទស្សន៍ជាតិ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពី លទ្ធផល និងសកម្មភាព ដែលមន្ទីរព័ត៌មាន បានដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និងរយៈពេល ៤ ឆ្នាំ នៃការផ្សាយបន្តតាមទូរទស្សន៍ជាតិព្រមទាំងកិច្ចសហការ បានល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព។
ជាមួយគ្នានោះដែរ លោក ពិន ប្រាកដ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត ដែលបានលះបង់ នូវកម្លាំងកាយ និងបញ្ញា ញាណ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានស្មារតី ទទួលខុសត្រូវខ្ពស់ អំពីការផ្សព្វផ្សាយ នូវព័ត៌មានផ្សេងៗ ពិសេសព័ត៌មានទាក់ទងនឹង ខេត្តសៀមរាប។
លោកបានបញ្ជាក់ថាៈ ព័ត៌មាន គឺជាវិស័យដ៏សំខាន់មួយ ក្នុងចំណោមវិស័យជាច្រើនទៀត ដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយអង្គភាព និងអ្នកសារព័ត៌មានទាំងអស់ មានតួនាទីជាអ្នកទទួល និងផ្សព្វផ្សាយ អំពីដំណឹងផ្សេងៗ ដោយស្មារតីទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រោមលក្ខខណ្ឌច្បាប់ ស្តីពីរបបសារព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើង នូវកិច្ចប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ ១៩បានលទ្ធផល ល្អ ហើយបណ្តាប្រទេស លើពិភពលោក បានរៀនសូត្រតាមអ្វី ដែលសំខាន់ក្នុងកិច្ចការងារ នេះ គឺបានរៀបចំ ក្រុមអ្នកនាំពាក្យ នាំមុខមួយ មានសមត្ថភាព គ្រប់គ្រាន់ ធ្វើការងារ ២៤ ម៉ោង ក្នុងការឆ្លើយតប និង ផ្តល់នូវព័ត៌មានពិតប្រាដ ជូនដល់សាធារណជន។
លោករដ្ឋមន្ត្រី បានលើកឡើងពីបដិវត្តន៏ បួន ចុច សូន្យ គឺហៅថា បញ្ញាញ្ញាណ សិប្បនិមិត្ត ដែលជាសម័យព័ត៌មានច្រើន និងមានភាពស្មុគស្មាញណាស់ ដោយមិនអាចធ្វើម្នាក់ឯង បាននោះទេ ។ ដូច្នេះ គ្រប់មន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ត្រូវមានការជួបប្រជុំគ្នា រៀងរាល់ថ្ងៃ ដើម្បីក្តាប់បាន នូវរាល់ព័ត៌មាន ដែលកើតមានឡើង ក្នុងខេត្តរបស់ខ្លួន ហើយមន្ទីរ ត្រូវគិតថា ត្រូវឆ្លើយតប ដោយខ្លួនឯង ឬ ទាក់ទងទៅមន្ទីរជំនាញ ឬទៅអភិបាលខេត្ត ដើម្បីឆ្លើយតប និងដោះស្រាយ បានទាន់ពេលវេលា ដើម្បីឲ្យការងាររបស់មន្ទីរព័ត៌មាន ទទួលបានជោគជ័យ គឺការងារបង្រួបបង្រួម សាមគ្គីភាពផ្ទៃក្នុងគ្នា ឲ្យបានល្អ មានយុត្តិធម៏ ក្នុងការងារជួបនិយាយគ្នា ជាបងប្អូន ហើយក៏ត្រូវមានទំនាក់ទំនងល្អជាមួយគ្រប់មន្ទីរ ជុំវិញខេត្ត បណ្តាមន្ទីរព័ត៌មាន៕/V-PC