ការប្រឹងប្រែង​របស់​ម​ន្ទីរ​សុខាភិបាល​លើកស្ទួយ​សុខុមាលភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​

1165
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរ​សុខាភិបាល​នៅក្នុង​ឆ្នាំ ២០១៧ កន្លងទៅនេះ​គឺជា​ការចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​សម្រេចបាន​នូវ​ស្នាដៃ​ជាច្រើន​ក្នុង​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព គុណធម៌ និង​មាន​ប្រសិទ្ធភាព​ឆ្លើយតប​ទៅតាម​តម្រូវការ​ចាំបាច់​ក្នុងការ​លើកកម្ពស់​សុខ​ភាព​។​
​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានលើកឡើង​នៅក្នុង​ឱកាស បើក​សន្និត​បាត​បូកសរុប​លទ្ធិ​ផល​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ​២០១៨ នេះ នា​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ។​
​ក្នុងឱកាស​នោះដែរ លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានធ្វើការ​កោតសរសើ​រ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ដែល​បំរើការ​នៅ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង សម្រេចបាន​នូវ​ស្នាដៃ​ជាច្រើន ក្នុង​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​នាពេល​កន្លងមក ។ លោក​បានកត់សម្គាល់​ឃើញ​ពី​ការ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរ​សុខាភិបាល​រាជធានី​ឃើញថា​៖ នៅតាម​មណ្ឌល​សុខភាព​ជាច្រើន​ត្រូវបាន​កែលម្អ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ទាំង​គុណភាព​អប់រំ​សុខភាព ដូចជា​មានការ​តាំង​ប៉ាន់​ណូ​អប់រំ​សុខភាព និង​ការចាក់ផ្សាយ​ស្ព​ត​វីដេអូ​អប់រំ​សុខភាព នៅ​គ្រប់​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព ដើម្បី​បញ្ជៀប​ការយល់ដឹង​បន្ថែម​ដល់​ប្រជាពលរដ្ឋ ។
​ក្នុងឱកាស​នោះ​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា វិស័យ​សុខាភិបាល​នៅ​ឆ្នាំ​២០១៧ ត្រូវបាន​កត់សម្គាល់​ដោយ​សមិទ្ធផល​ជាច្រើន និង​វឌ្ឍនភាព​កំពុង​បន្ត​កើតមាន​តាមរយៈ​អន្តរាគមន៍​នៃ​កម្មវិធី​សុខភាព​បន្ត​ពូជ សុខភាព​មាតា​-​ទារក​-​កុមារ និង​អាហារូបត្ថម្ភ​លើ​ស្ត្រី និង​កុមារ កម្មវិធី​ប្រយុទ្ធ​និង​ជំងឺឆ្លង​រ៉ាំរ៉ៃ និង​បញ្ហា​សុខភាព​សារ​ធារ​ណៈ រួម​និង​ការពង្រីក​ការ​គ្របដណ្តប់​នៃ​សេវា​សុខភាព និង​អន្តរា​គម​សុខភាព​សាធារណៈ បាន​ដើរ​ទន្ទឹមគ្នា និង​ការកែលម្អ​គុណភាព​សេវា ឲ្យ​កាន់តែ​ប្រសើរឡើង ។
​លោក​ប្រធាន​មន្ទីរ​សុខាភិបាល បានបង្ហាញ​ឲ្យ​ឃើញថា​សមិទ្ធផល​ការងារ​សុខាភិបាល​ទូទាំង​រាជធានី​ភ្នំពេញ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ទាំង​លើ​ការផ្តល់សេវា​ក៏ដូចជា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ប៉ុន្តែ​ទោះយ៉ាងណា លោក​ប្រធាន ក៏បាន​លើកឡើង​នូវ​ប្រឈម​មួយចំនួន​ផងដែរ ដូចជា កង្វះខាត​សម្ភារៈ បរិក្ខារ ឧបករណ៍​ពេទ្យ ជាដើម ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែមទៀត ដើម្បី​បម្រើសេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​៕


ទីតាំងផ្សាយពាណិជ្ជកម្ម